វាយប្រហារដោយបំផ្ទុះរថយន្តនៅតួកគីស្លាប់យ៉ាងតិច ៥នាក់
សារព័ត៌មាន Cambodia News/
តួកគី (០៩ មិថុនា ២០១៦) ៖ មនុស្ស ៥នាក់ស្លាប់ និង៥១នាក់ទៀតរងរបួសកាលពីថ្ងៃទី៨ មិថុនា ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយប្រឆាំងទីតាំងប៉ូលិស មួយកន្លែងនៅភាគអាគ្នេយ៍តួកគី ដែលមានជនជាតិឃើតភាគច្រើន ។
ទីភ្នាក់ងារ ព័ត៌មានជាតិតួកគី ANATOLIE បញ្ជាក់ថា មនុស្ស៥នាក់ ក្នុងនោះមានប៉ូលិស២នាក់បានត្រូវស្លាប់ដោយសារការផ្ទុះរថយន្ត ផ្ទុកគ្រឿងផ្ទុះ នៅមុខទីតាំងប៉ូលិសក្រុង MIDYAT ខេត្ត MARDIN ។ ការផ្ទុះយ៉ាងខ្លាំងកម្ទេចផ្នែកខាងមុខនៃអគារកម្ពស់ច្រើនជាន់មួយ ។
ការវាយប្រហារនេះកើតមានបន្ទាប់ពីការវាយប្រហារភេរវកម្ម យ៉ាង បង្ហូរឈាមមួយប្រឆាំងប៉ូលិសនៅក្រុងអីុស្តង់ប៊ុល ។ ការវាយប្រហារទាំង២នេះកើតមានខណៈតួកគីនាឆ្នាំនេះរងការ វាយប្រហារភេរវកម្មជាបន្តបន្ទាប់ទាក់ទិននឹងពួកជីហាដ ព្រមទាំងការផ្ទុះជម្លោះឡើងវិញជាមួយពួកឃើត បណ្តាលឱ្យមនុស្សស្លាប់សរុបជាច្រើនសិបនាក់៕