គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញស្លាប់មនុស្ស ៣នាក់ របួស ៦នាក់
សារប័ត៌មាន Cambodia News/
ភ្នំពេញ (06 មិថុនា ២០១៦) ៖ យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស១នាក់) រងរបួសធ្ងន់ ៦នាក់ (ស្រី១នាក់) របួសស្រាល គ្មាន ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ៦លើកនេះ បណ្តាលឲ្យ ខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៥គ្រឿង, រថយន្តធុនតូច ៣, យានផ្សេងៗ ១គ្រឿង ។
ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក, មិនគោរពសិទ្ធិ ៣លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់) ។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៥នាក់ (យប់១នាក់) ។
ជាមួយគ្នានោះម្សិលមិញលទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ២.៧៣៤គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១.២៤៥គ្រឿង និងពិន័យសរុប ១.៤៨៩គ្រឿង៕