ខេម នៅតែអះអាងថា ខ្លួនមិនខុសនោះទេ អ្នកខុសគឺភាគីជនរងគ្រោះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ឧសភា ២០១៦) ៖ រហូតមកដល់ពេលនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលពាក់ព័ន្ធតារាចម្រៀង លោក ខេម នៅមិនទាន់ដោះស្រាយនៅឡើយ ក្នុងពេលដែលតារាចម្រៀងរូបនោះ នៅតែអះអាងថា គាត់មិនខុសនោះទេ អ្នកខុសគឺភាគីជនរងគ្រោះ ។ ប៉ុន្តែសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កការភ្ញាក់ផ្អើលមួយនេះ ត្រូវបាននគរបាលជំនាញ បញ្ជូនទៅដល់តុលាការផងដែរ ។
ពាក់ព័ន្ធសំណុំរឿងខាងលើនេះ ភាគីជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រួសារទាមទារសំណងពីលោក ខេម ចំនួន ២៥០០០ដុល្លារ ប៉ុន្តែមកពេលនេះ ភាគីលោក ខេម មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយនោះទេ ។ ចំណែកមន្ត្រីជំនាញបានលើកឡើងថា ភាគីលោក ខេម មិនដែលចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ចនិងតាមផ្លូវច្បាប់នៅឡើយ ។ ដូច្នេះហើយ ទើបយើងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធី ។
ទាក់ទងករណីនេះ លោក ខេម ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សំដីមកចុះផ្សាយថា លោកវិលមុខខ្លាំងណាស់ ខណដែលភាគីម្ខាងទៀតទាមទារសំណងរហូតដល់២៥០០០ដុល្លារ ក្នុងពេលដែលលោកមិនមែនជាអ្នកខុស ។
យ៉ាងណាក៏ដោយថ្នាក់ដឹកនាំរបស់ផលិតកម្មថោន ដែលជាជំរករបស់តារាចម្រៀង ខេម មិនបានបញ្ចេញយោបល់អ្វីទាំងអស់ចាប់តាំងពី ខេម ជួបគ្រោះថ្នាក់ចរាចរណ៍ ។
មជ្ឈដ្ឋានទូទៅ បានលើកជាចម្ងល់ថា លោក ខេម ជាតារាចម្រៀងដល់ល្បីប្រចាំប្រទេសកម្ពុជា ហេតុអីមិនចេញមុខមកដោះស្រាយ ចំពោះហេតុការណ៍ដែលកើតឡើង និងពាក់ព័ន្ធដល់រូបលោក ដើម្បីឲ្យអ្នកគាំទ្រ ដឹងថា អ្នកណាខុសអ្នកណាត្រូវពិតប្រាកដ ។ ប៉ុន្តែការមិនចេញមុខមកដោះស្រាយត្រូវបានអ្នកគាំទ្រគិតថា អ្នកខុសគឺជាលោក ខេម ហើយលោកត្រូវតែក្លាហានចេញមុខមកដោះស្រាយ ៕