ក្រសួងរៀបចំដែនដី ណែនាំពីការសាងសង់ស្ថានីយប្រេង
សារព័ត៌មាន CambodiaNews/
ភ្នំពេញ (២៦ ឧសភា ២០១៦ ) ៖ ថ្មីៗកន្លងមកនេះ ក្រសួង រៀបចំដែនដី បានចេញលិខិតមួយច្បាប់ ដើម្បីឱ្យអភិបាលរាជធានី ខែត្រ ពិនិត្យមើល និង ចាត់វិធានការលើការសាងសង់ស្ថានីយប្រេងមួយចំនួន។
រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញលិខិតមួយជូនដល់ អភិបាលរាជធានី ខេត្ត ឱ្យរៀបចំប្លង់កំណត់តំបន់ឈប់បន្តផ្ដល់លិខិតអនុញ្ញាតសាងសង់ស្ថានីយប្រេងឥន្ធនៈតំបន់ហាមឃាត់សាងសង់ស្ថានីយប្រេងឥន្ធនៈ និង តំបន់អាចសាងសង់ស្ថានីយប្រេងឥន្ធនៈបាន នៅក្នុងរាជធានី ខែត្រ ក្នុងនោះ មានដូចជា៖ រៀបចំប្លង់កំណត់តំបន់ឈប់បន្តផ្ដល់លិខិតអនុញ្ញាតសាងសង់ស្ថានីយប្រេងឥន្ធនៈ តំបន់ហាមឃាត់ សាងសង់ស្ថានីយប្រេងឥន្ធនៈ និង តំបន់អាចសាងសង់ស្ថានីយប្រេងឥន្ធនៈបាន ដោយផ្អែកលើគោលការណ៍តម្លាភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ បរិស្ថានរស់នៅ និង ភាពសុខដុម ណីយកម្មជាដើម។
លិខិតដដែលបន្តថា ចំពោះរាល់សំណើសុំលិខិតអនុញ្ញាតសាងសង់ស្ថានីយប្រេងឥន្ធនៈ ត្រូវណែនាំឱ្យម្ចាស់សំណើភ្ជាប់មកជាមួយនូវ កិច្ចសន្យា និង ស្នាមេដៃយល់ព្រមឱ្យសាងសង់ស្ថានីយប្រេងឥន្ធនៈ ពីគ្រប់អ្នកជាប់ព្រំ និង ត្រូវមានរបាយការណ៍លទ្ធផល នៃ ការបិទ ផ្សាយគម្រោងសាងសង់ស្ថានីយប្រេងឥន្ធនៈ នៅទីតាំងស្នើសុំសាងសង់រយៈពេលម្ភៃប្រាំថ្ងៃ ដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និង ភូមិបាលក្រុងស្រុកខណ្ឌ ដែលសំណង់នោះតាំងនៅជាដើម៕