ប្រជាពលរដ្ឋបឹងកក់ដាក់ញត្តិនៅសាលាក្រុងនឹងស្ថានទូតអាមេរិក
ដោយ សយ ដុល្លា
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ កក្កដា នេះ អ្នកភូមិបឹងកក់ប្រមាណជា ១០០ នាក់ បាននាំគ្នាយកញត្តិមកប្រគល់ឲ្យសាលារាជធានីភ្នំពេញ នឹងនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីទាមទាររកដំណោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋបឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូឲ្យបានឆាប់រហ័ស។
អ្នកស្រី ទេព វ៉ាន់នី តំណាងប្រជាពលរដ្ឋបឹងកក់បានឲ្យដឹងថា គោលបំណងធំក្នុងការផ្ដល់ញត្តិនៅថ្ងៃនេះគឺធ្វើយ៉ាងណាឲ្យសាលារាជធានីភ្នំពេញរកដំណោះ ស្រាយឲ្យបានឆាប់រហ័សដល់ប្រជា ពលរដ្ឋបឹងកក់។
អ្នកស្រីបាននិយាយថា “ខ្ញុំមកនេះមិនមែនមកបំផុសបំផុលក្នុងន័យនយោបាយ ឬក៏ប្រឆាំងនឹង រដ្ឋាភិបាលនោះទេ តែប្រជាពលរដ្ឋចង់ បានផ្ទះនៅ។ ហេតុនេះ ទើបពួកយើងមកតវ៉ាហ្នឹងចង់ឲ្យ អស់លោកដែលជាមន្ត្រីសាលាក្រុងដោះស្រាយឲ្យបានឆាប់”។
ប្រជាពលរដ្ឋភូមិ១នៅតំបន់បឹងកក់ដែលជាប្រជាពលរដ្ឋមិនទទួលបានដីធ្លីដី ១២.៤៤ហិចតាដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឲ្យប្រជាពលរដ្ឋកាលពីថ្ងៃទី ១១ខែ សីហាបាន ស្នើសុំសាលារាជធានីភ្នំពេញកំណត់ឲ្យបានច្បាស់អំពីដី ១២.៤៤ហិចតា ដែលជាប្រភពជម្លោះ នោះ។
លោក អំ សំអាត មន្ត្រីបច្ចេកទេសអង្គការលីកាដូ បានថ្លែងថា រដ្ឋាភិបាលគួរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយលោកបានបញ្ជាក់ថា ទំនាស់ដីធ្លីរបស់អ្នកភូមិបឹងកក់ក៏មានលក្ខណៈដូចជាទំនាស់ដីធ្លីដ៏ទៃទៀតដែរ ហើយមួយវិញទៀត ប្រជា ពលរដ្ឋបានរស់នៅលើដីនោះយូរឆ្នាំមកហើយ ដូចនេះការបណ្ដេញប្រជាពលរដ្ឋចេញត្រូវតែមានសំណងសមរម្យ។
មន្ត្រីសាលាក្រុងភ្នំពេញបានទទួលយកញត្តិនោះហើយ ដោយបានសន្យាថា នឹងយកទៅដាក់ជួន ថ្នាក់លើដើម្បីធ្វើការពិនិត្យ។
គួរបញ្ជាក់ផងដែរថា សាលារាជធានីភ្នំពេញកន្លងមកបានបដិសេធន៍មិនចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទាំងនោះទេ ដោយអះអាងថា ប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។
បន្ទាប់ពីចេញពីសាលារាជធានី ប្រជាពលរដ្ឋទាំងនោះក៏បានបន្តទៅស្ថានទូតអាមេរិក ដើម្បីដាក់ញត្តិជូនមន្ត្រីស្ថានទូតឲ្យជួយអន្តរាគមន៍ផងដែរ៕