សម្ដេច ហ៊ុន សែន ៖ ទោះបីមានការរំខានខ្លះៗ ក៏កម្ពុជាបន្តរីកចម្រើនទៅមុខ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ ឧសភា ២០១៦) តាមរយៈសារនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច នៅរសៀលថ្ងៃទី១១ ខែឧសភា បានលើកឡើងថា ស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្ដិសុខសង្គម នៃប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែប្រព្រឹត្តទៅនិងមានដំណើរការទៅមុខយ៉ាងល្អប្រសើរ ពោលគឺកម្ពុជា បន្ដរីកចម្រើនទៅមុខ ទោះបីមានការរំខានខ្លះៗក៏ដោយ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចតេជោបានបន្ដថា “ដោយសារប្រទេសមានសន្តិភាពពេញលេញចាប់តាំងពីឆ្នាំ១៩៩៨ គឺបានធ្វើឲ្យសេដ្ឋកិច្ចជាតិរីកលូតលាស់ទៅមុខ ដែលក្នុងនោះកំណើនGDPនៅរក្សាកំណើនបាន ៧% នៅក្នុងឆ្នាំនេះ និងបន្តនៅឆ្នាំបន្តបន្ទាប់”។
ការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ពាណិជ្ជករជាតិ និងអន្តរជាតិជាពិសេសដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍន៍គ្រួសារ ក៏ដូចជាការចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូល។ កម្ពុជានៅពេលនេះគឺជាទិសដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន (ASEAN)។
សម្តេចតេជោ ហ៊ុន សែន ខិតខំបម្រើប្រទេសជាតិ និងចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខ ដែលផ្ទុយស្រឡះពីក្រុមអគតិមួយចំនួន ដែលតែងតែរិះរកគ្រប់ល្បិចកលដើម្បីបង្កអស្ថេរភាពសង្គម និងបំផ្លាញសន្តិភាព៕