អ្នកបំរើការងារវិស័យឯកជនទទួលបានការឈប់សម្រាកសង
សារព័ត៌មាន Cambodia News/
ភ្នំពេញ ១១ ឧសភា ២០១៦) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសស្តីពីការឈប់ថ្ងៃបុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៦ ថា មន្ត្រីរាជការស៊ីវិល គ្មានការឈប់សងសម្រាប់ឈប់សម្រាកប៉ះចំថ្ងៃអាទិត្យឡើយ ប៉ុន្តែសម្រាប់អ្នកបំរើការងាវិស័យឯកជន បានទទួលយកសម្រាកសង។
នៅលើសង្គមហ្វេសប៊ុកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរ បញ្ជាក់ថា ដើម្បីជាព័ត៌មានដល់សាធារណៈជន ខ្ញុំសុំផ្សព្វផ្សាយប្រកាសលេខ៤១៦ ក.ប/ប្រ.ក «ប្រកាសស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៦» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ។
ការប្រកាសនេះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឡើងដោយយោងលើ ទី១-អនុក្រឹត្យលេខ១៣៦ អនក្រ.បក. ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិត កម្មករប្រចាំឆ្នាំ២០១៦ និងទី២ -មាត្រា១៦២ នៃច្បាប់ស្តីពីការងារ ពោលក្រសួងយកអនុក្រឹត្យលេខ១៣៦ បូកបន្ថែមនឹងមាត្រា១៦២ នៃច្បាប់ស្តីពីការងារ»។
លោកហេង សួរ បានលើកទៀតថា យោងលើប្រកាស៤១៦ នេះ កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ(ខាងឯកជន) ត្រូវអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃបន្ថែមទៀត ប្រសិនជាការឈប់សម្រាកថ្ងៃបុណ្យផ្លូវការណាមួយប៉ះចំលើថ្ងៃ អាទិត្យ ។ សម្រាប់មន្ត្រីរាជការស៊ីវិល ដែលស្ថិតនៅក្រោមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល គឺត្រូវអនុវត្តតាមស្មារតីអនុក្រឹត្យ១៣៦ទាំងស្រុង ពោលគឺពុំមានការឈប់សងនោះឡើយ៕