សមត្ថកិច្ចចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋ៦នាក់ក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ»
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (០៩ ឧសភា ២០១៦) ៖ នៅថ្ងៃទី៩ ខែឧសភា នេះ សមត្ថកិច្ចចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ៦នាក់ ខណៈមន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋរាប់រយនាក់ ធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដើម្បីទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.ប។
មន្ត្រី សង្គម ស៊ីវិល និងពលរដ្ឋ៦នាក់ ដែលត្រូវចាប់ខ្លួននោះ គឺនាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម និងនាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូ (LICADHO) លោក ថាវ គឹមសាន ពលរដ្ឋបុរីកីឡា អ្នកស្រី ស គន និងអ្នកបឹងកក់ចំនួន៣នាក់ទៀត។
លោក អ៊ី សារ៉ុម លោក ថាវ គឹមសាន និងអ្នកស្រី សរ ស៊ន ត្រូវបានចាប់ខ្លួននឹងបញ្ជូនទៅអធិការនគរបាលខណ្ឌដង្កោ ចំណែកអ្នកបឹងកក់៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅតំបន់បឹងកក់ ក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ»។
គួរបញ្ជាក់ថា យុទ្ធនាការថ្ងៃច័ន្ទ ពណ៌ខ្មៅចាប់ផ្ដើមជាលើកដំបូងនេះ ក្នុងបេសកកម្មតែមួយគត់ គឺទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សចំនួន ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំតាមបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕