ក្រសួងការងារ កំណត់បុណ្យជាតិ ដែលប៉ះចំថ្ងៃអាទិត្យត្រូវលើកមកឈប់ថ្ងៃចន្ទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ឧសភា ២០១៦) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ថា ប្រសិនបើពិធីបុណ្យជាតិទាំងឡាយណា ដែលត្រូវប៉ះចំថ្ងៃអាទិត្យ ក្រសួងនឹងអនុញ្ញាត ឱ្យមន្ត្រីរាជការ ឬគ្រឹះស្ថានទាំងអស់ លើកថ្ងៃឈប់សម្រាកនៅថ្ងៃចន្ទ មួយថ្ងៃទៀត។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ករណីនៃការឈប់សងនេះគឺ ច្បាប់ការងារបានកំណត់តាំងពីឆ្នាំ១៩៩៧ មក ។ លោកថា រាល់ការឈប់ទាំងឡាយណាដែលប៉ះចំថ្ងៃអាទិត្យ គឺត្រូវបានឈប់សង១ថ្ងៃ គឺលើកមកថ្ងៃចន្ទ។ រីឯការឈប់សម្រាករបស់មន្ត្រីរាជការ គឺផ្អែកទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ៕