មានតែការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ទេ ទើបជួយជីវិតមនុស្សបានច្រើន

ដោយ ឆាយ សុផល

ខណៈដែល​ឈាមហូរ​ស្រោច​ជោក​ពេញ​ផ្ទៃមុខ កុមារ​ម្នាក់អាយុ​​៩​ខែបានស្រែកយំទ្រហឹងនៅលើដង​ផ្លូវ។ កុមារតូចនោះនិងឪពុករបស់គេបានរង​របួស​ យ៉ាងធ្ងន់ធ្ងរដោយសារការប៉ះទង្គិចមួយនៅលើដងផ្លូវ ហើយត្រូវបានគេដឹកយកទៅមន្ទីរពេទ្យគុន្ធបុប្ផាជាបន្ទាន់។
កុមារ​ ម៉េ​ង លី​ហ៊ា និងឪពុករបស់គេកំពុងជិះទោចក្រយានយន្ត នៅពេលនោះក៏ស្រាប់តែរថយន្តមួយគ្រឿង​បានបុកពីក្រោយ។ អ្នកទាំងពីរបានដួល ដោយ​បោកក្បាលទៅនឹង​ផ្ទៃថ្នល់អូសជាច្រើនម៉ែត្រនៅ​លើ​​ផ្លូវជាតិ​លេខ​១ ទល់មុខ​វត្ត​ជ្រោយ​អំពិល ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជ​ធានីភ្នំពេញ ​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មេសា ឆ្នាំ​២០១៦។ ចៅ ផល្លា ​អាយុ​៣០​ឆ្នាំ ជាឪពុកបានរង​របួសក្បាលយ៉ាង​ធ្ងន់​ធ្ងរ និងបាក់ដៃជើងផង។ គាត់បានសន្លប់ ហើយ​ស្លាប់ពេល​បញ្ជូនដល់មន្ទីរពេទ្យ។ ទាំងឪពុកនិងកូន​មិន​បាន​ពាក់មួកសុវត្ថិភាពឡើយ ខណៈពេលកំពុងធ្វើដំណើរតាម​ទោចក្រយានយន្ត។

ក្មេងប្រុសអាយុ១១ខែនិងម្តាយរបស់គេអាយុ២៥ឆ្នាំបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ (រូបកោះសន្តិភាព)
ក្មេងប្រុសអាយុ១១ខែនិងម្តាយរបស់គេអាយុ២៥ឆ្នាំបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ (រូបកោះសន្តិភាព)

ករណី ​មួយទៀតនាពេលថ្មីៗនេះដែរ គ្រួសារ​មួយ​ជា​កម្មករ​រោងចក្របានជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ដើម្បីបាន​ សម្រាក​​បុណ្យចូលឆ្នាំ។ ពួកគេបាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​​លើ​ស្ពាន​ព្រែក​ក្ដាម​ ស្ថិត​ក្នុង​ភូ​ម‌ិ​ព្រែ​ក‌​ក្ដា​ម‌​១ ឃ‌ុំ​ក‌ោះ​​ចិ​ន‌ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌។ រថយន្ត​ដឹក​ទំនិញ​ធុន​ធំមួយគ្រឿង​បាន​បុក​និង​កៀរ​ពួកគេ​ខ្ទាត​ជា​​ច្រើន​ ម៉ែត្រ។ ថ្វីបើបុរសជាប្តីអាយុ​២៩​​​ឆ្ន‌ាំ​រង​របួសស្រាល តែភរិយារបស់គេអាយុ​២៥​​ឆ្នាំ និង​​កូនប្រុស​អាយុ​១១​ខែបាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ក្បាល​របស់​ពួកគេបានបោកនឹងផ្ទៃថ្នល់។ ទាំង​ម្តាយ​និង​កូន​មិន​បាន​ពាក់​មួក​សុវត្ថិភាពឡើយ។
ចំណែកឯលោក​មេឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាលក៏បានស្លាប់នៅ​មុនពិធីបុណ្យចូលឆ្នាំខ្មែរដែរនៅ​លើ​កំណាត់​ ផ្លូវជាតិ​លេ​ខ៤ ​​​មុខ​សាលាស្រុក​អង្គស្នួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល​។ ខណៈកំពុងជិះ​ម៉ូតូ​ដោយមិនពាក់មួកសុវត្ថិភាព លោកមេឃុំបានរងគ្រោះថ្នាក់ចរាចរណ៍​នៅតាមដងផ្លូវ ហើយ​ក្បាលរបស់គាត់បានបោកនឹងផ្ទៃ​ថ្នល់ និង​អូសជាច្រើនម៉ែត្រ។ លោកមេឃុំមិន​បានពាក់មួកសុវត្ថិភាពទេ នៅ​ពេល​កំពុងបើកបរ។
ករណីទាំងបីខាងលើគឺស្ថិតក្នុងចំណោមករណីជាច្រើនទៀត ដែលបណ្តាលឲ្យអ្នកបើកបរ​ទោចក្រ​យាន​យន្ត និងអ្នករួមដំណើរ ក្នុងនោះមានទាំងកុមារផង ហើយ​ពួកគេភាគច្រើនមិនបានពាក់មួកសុវត្ថិភាព។ យោងតាម​របាយ​ការណ៍​របស់នាយកដ្ឋាននគរបាលចរាចរណ៍និង​សណ្តាប់ធ្នាប់នៃ​​ អគ្គស្នងការ​ដ្ឋាន​​នគរបាល​​​ជាតិ​បានបង្ហាញថា គ្រាន់តែនៅក្នុង​រយៈពេលពិធីបុណ្យចូលឆ្នាំខ្មែរ​រយៈពេល៥​ថ្ងៃ (១៣-​១៧ មេសា ២០១៦) ​មាន​គ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ១១៣ ករណី។ មនុស្ស៥២នាក់បានស្លាប់ ក្នុង​នោះ​២៦​នាក់មិនបានពាក់មួកសុវត្ថិភាព ហើយ​និង២៣៩​នាក់ទៀតបាន​​របួស។
ចំនួន​នេះពិតជាច្រើន គឺមានដល់ទៅយ៉ាងហោចណាស់១០នាក់បានស្លាប់នៅតាមដងផ្លូវក្នុងមួយថ្ងៃៗនៅអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ហើយ​ឧបទ្ទវ​ហេតុទាំងនេះត្រូវបានផ្សាយតាមទូរស្សន៍ជាតិ តាមកាសែត​និងសារព័ត៌មានអ័នឡាញ ព្រមទាំងបណ្តាញព័ត៌មានសង្គមផងដែរ។ ប៉ុន្តែបន្ទាប់ពីការផ្សាយពីការស្លាប់និងរបួសនេះទៅ គឺពុំសូវឃើញមានសេចក្តីរាយការណ៍បន្ថែមទាក់ទិនទៅនឹងផលប៉ះពាល់ដល់ផ្លូវចិត្ត ផ្លូវកាយនិង​ផ្នែក​សេដ្ឋកិច្ច​ទាំង​គ្រួសារក៏ដូចជាសង្គមទាំងមូលឡើយ។
បើតាមលទ្ធផលនៃការវិភាគ របស់ អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation)បាន​ឲ្យដឹង​ថា ប្រសិន​បើ​​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​​​មាន​ប្រសិទ្ធភាពចាប់​ តាំងពី២០១៥ ជាពិសេស​សំដៅលើ​អ្នក​រួម​ដំណើរ​តាមទោចក្រយានយន្ត នោះហើយអត្រាពាក់មួកសុវត្ថិភាពឈានដល់៨០% កម្ពុជាអាច​នឹង​សង្រ្គោះ​ជីវិតមនុស្ស​​បានដល់ទៅ​​៥៦១នាក់ ការពារអ្នក​​​រួម​ដំណើរបាន​១0.៥៧៤នាក់ពីការរងរបួសក្បាល និង​ការ​​ពារការ​ខាតបង់ថវិកា​រហូតដល់ទៅ ៩៨.៦១៨.៤២២ ដុល្លារ​អាម៉េរិកនៅឆ្នាំ២០២០។

លោកមេឃុំពើកបានរងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់​នៅតាម​ដងផ្លូវ ហើយក្បាល​របស់​គាត់​បាន​បោក​នឹងផ្ទៃថ្នល់ និង​អូស​ជា​ច្រើនម៉ែត្រ។ លោក​មេ​ឃុំ​​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ទេ នៅពេល​កំពុង​បើក​បរ។ ​(រូបកោះ​សន្តិភាព)
លោកមេឃុំពើកបានរងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ ​នៅតាម​ដងផ្លូវ ហើយក្បាល​របស់​គាត់​បាន​បោក​នឹងផ្ទៃថ្នល់ និង​អូស​ជា​ច្រើនម៉ែត្រ។ លោក​មេ​ឃុំ​​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ទេ នៅពេល​កំពុង​បើក​បរ។ ​(រូបកោះ​សន្តិភាព)

ដោយ​មានផលប៉ះពាល់ដល់ប្រយោជន៍សម្រាប់ទាំងបុគ្គលនិងសង្គមបែបនេះហើយ អ្វីដែលជាការប្រឈមត្រូវតែធ្វើជាចាំបាច់នោះ​គឺការអនុវត្ត​ច្បាប់ឲ្យបាន​ពិត​ ប្រាកដ។ ដោយ​ផ្អែកលើចំនួន​គ្រោះ​ថ្នាក់នៅ​តាម​ដង​ផ្លូវ​កាន់តែកើន​ឡើងបែប​នេះ​ហើយ ទើបសម្តេចតេជោហ៊ុន សែន ​នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ មេសា នៅ​ក្នុងពិធីបើកព្រឹត្តិ​ការណ៍​អង្គរសង្រ្កាន្តនៅមុខ​ប្រាសាទ​បាយ័ន​ ក្នុងខេត្តសៀមរាប ដើម្​បីអបអរ​សារ​ពិធី​​បុណ្យចូលឆ្នាំខ្មែរ បានអំពាវនាវឲ្យ​ពលរដ្ឋគោរព​ច្បាប់​ចរាចណ៍ ដែលក្នុងនោះអ្នកបើកបរម៉ូតូ​និងអ្នក​រួមដំណើរ​ជានិច្ចជាកាល​ត្រូវពាក់​មួក​ សុវត្​ថិភាព ពេល​ធ្វើដំណើរ។​
“បើទោះបីជា នគរបាលចរាចរណ៍ និងស្ថាប័នទទួលបន្ទុកបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាព ប៉ុន្តែ​យើង​កត់សំគាល់​ឃើញ​​ថាច្បាប់មិន​ទាន់ត្រូវ​បានអនុវត្តឲ្យ​បាន​ពេញ​ លេញ និងបានទូលំទូលាយឡើយ​នៅទូទាំង​ប្រទេសនាពេលបច្ចុប្បន្ននេះ” នេះជាការលើក​ឡើង​របស់​លោក គឹម បញ្ញា នាយកអង្គការ AIP Foundation ប្រចាំកម្ពុជា ដែល​ជាអង្គការអន្តរ​ជាតិ​ផ្តោត​លើការ​បញ្ចប់​វិបត្តិនៅលើផ្លូវដែលធ្វើឲ្យ​ អន្តរាយ​ដល់​ប្រទេស​កំពុង​អភិ​វឌ្ឍ។
លោក បញ្ញា បានបន្តថា “បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់គឺពិតជាមានប្រសិទ្ធភាពក្នុងការបង្កើន​ការ​ ពាក់​មួក​សុវត្ថិភាពរហូតដល់ទៅ៩០% ដែលមាន​ន័យថា​បាន​ជួយ​ជីវិតអ្នកដែលបាន​ប្រើប្រាស់ផ្លូវថ្នល់។ នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន​អ្នក​ប្រើប្រាស់ទោច​ក្រយាន​​យន្តជាច្រើនបានស្លាប់និងរបួស ការអនុវត្តច្បាប់ដោយផ្តោតគោលដៅលើការពាក់មួសុវត្ថិភាព​ នឹង​មាន​ឥទ្ធិពលយ៉ាងខ្លាំងក្នុងការសង្គ្រោះជីវិតមនុស្ស”។​
លោក​បញ្ញា បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ពោលគឺអនុក្រឹត្យនេះមិន ​បានដាក់បញ្ចូល​ការ​ពិន័យ​ចំពោះ​ករណី​ដែល​កុមារជាអ្នករួមដំណើរ​មិន​បាន​ពាក់ ​មួក​សុវត្ថិភាព​នោះទេ។”នគរបាលចរាចរណ៍អាចពិន័យតែមនុស្ស ពេញវ័យប៉ុណ្ណោះ​ចំពោះ​ការ​មិនពាក់មួក​សុវត្ថិភាព ប៉ុន្តែមិន​អាចពិន័យករណីមិន​ពាក់មួក​សុវត្ថិ​ភាព​សម្រាប់កុមារ​ឡើយ​ដែលពួក​ គេនៅ​តែជា​អ្នក​ដែល​ងាយរងគ្រោះបំផុតនៅលើដងផ្លូវ បើទោះជាច្បាប់​ស្តីពី​ចរា​ ចរណ៍ផ្លូវគោកបានកំណត់ពីការពាក់មួកសុវត្ថិភាពក្នុងចំណោម ​កុមារជាអ្នករួមដំណើរជាមួយក៏ដោយ”។
មាត្រា៨នៃច្បាប់ចរាចរណ៍ផ្លូវគោកចែង​ថា “ទោចក្រយានយន្តអាច​​ផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់។ អ្នក​បើកបរទោច​ក្រយានយន្ត និង​អ្នក​រួមដំណើរ ព្រមទាំង​កុមារដែល​មាន​អាយុ​ចាប់​ពី​៣ (បី) ឆ្នាំឡើងទៅ ត្រូវ​ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ អ្នក​បើកបរ​ត្រី​ចក្រយានយន្ត និង​អ្នក​បើក​បរ​ទោចចក្រយានយន្តសណ្តោងរឺម៉ក​ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ”។
ដោយសារការដកករណីកុមារតូចៗចេញពីការអនុវត្តច្បាប់នេះហើយ ទើប ម៉េង លីហ៊ា អាយុ៩ខែបានស្លាប់ដោយ​រង​របួសក្បាល បន្ទាប់​ពីដួល​ម៉ូតូ​កន្លងមក។​
ដោយ​សារតែបញ្ហានេះ គឹម បញ្ញា បានបញ្ជាក់ថា “យើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលឲ្យចាត់វិធានការណ៍បន្តទៀត ដើម្បីជំរុញឲ្យ​មាន​ការពាក់​មួក​សុវត្ថិ​ភាព​នៅទូទាំងប្រទេស ពិសេសក្នុង​ចំណោម​មន្រ្​តីរាជការ និងសិស្សានុសិស្ស។ គ្រប់ក្រសួង ឬស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាលគួរចេញជាបញ្ញតិ ឬសេចក្តី​ណែ​ នាំសម្រាប់មន្រ្តីនិងបុគ្គលិករបស់ខ្លួនដោយតម្រូវឲ្យពាក់មួកសុវត្ថិភាពដាច់ខាត ទាំង​អ្នក​បើក​បរ​និង​អ្នករួមដំណើរ។ ចំណុចនេះគឺ​ត្រូវចាប់​ផ្តើម​ពី​កង​កម្លាំង​នគរបាល​និងកងរាជអាវុធហត្ថ ហើយបន្ទាប់មក គឺមន្រ្តីរាជការនិងសិស្សានុសិស្ស។
លោកក៏​បាន​ទទូច​ដែរថា យន្តការជាក់លាក់ និងជាប្រចាំក្នុងការត្រួតពិនិត្យនិងដាក់ពិន័យដល់អ្នកដែលមិនគោរពតាមបញ្ញត្តិ​ ឬសេចក្តីណែនាំនោះ គួរតែ​ត្រូវ​បាន​ដាក់ចេញ ដើម្បីធានាឲ្យបាន​នូវការ​គោរព​ប្រតិ​បត្តិ​តាម។ ព្រមពេលជាមួយគ្នានោះដែរ យុទ្ធនាការជាសាធារណៈគឺចាំបាច់ត្រូវធ្វើឡើង ដើម្បី​ផ្លាស់​ប្តូរ​ឥរិយាបថ​ឲ្យមានការពាក់មួកសុវត្ថិភាព។ តាមរយៈការខិត​ខំប្រឹងប្រែងដ៏ទូលំទូលាយ នោះជីវិត​មនុស្ស​រាប់​ពាន់​នាក់​អាចត្រូវ​បានសង្រ្គោះ​ពីការស្លាប់​និង​របួស ​ដែល​យើងអាចបង្ការបាននោះ ។
លោក​ឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាន​នរគបាល​ជាតិក៏​បាន​ឯក​ភាព​នឹង ​លោក គឹម បញ្ញា ដែរ ដោយលោកនិយាយថា បើទោះជាចំនួនអ្នកពាក់​មួកសុវត្ថិភាពបានកើនឡើងចាប់ពីដើមឆ្នាំនេះក៏ដោយ ក៏ចំនួន​នេះមិន​បាន​ដល់កម្រិតដែលជាគោលដៅនៅឡើយ​ទេ។
លោក​ឧត្តមសេនីយ៍បានបញ្ជាក់ថា “ផ្អែកលើកិច្ចប្រជុំនៅក្នុងខែនេះ សម្តេចក្រឡាហោម ស​ ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​អស់ពង្រឹងការអនុវត្ត​ច្បាប់ចរា​ ចរណ៍​ឲ្យបាន​ម៉ឺងម៉ាត់ ជាពិសេសសចំពោះអ្នកបើកបរម៉ូតូនិងអ្នករួម​ដំណើរ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព ​នៅពេលធ្វើដំណើរ”។
គួរបញ្ជាក់ថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ប្រសិនបើមិនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូទេ នោះនគរបាលចរា​ចរណ៍​នឹង​ពិន័យ​ក្នុង​ម្នាក់​១៥.០០០ រៀល ដែល​តម្លៃពិន័យនេះពីរ​ដងស្ទើរ​តែ​ស្មើ​​នឹងតម្លៃមួកសុវត្ថិភាពមួយ។
លោក សុខ ជា អ្នករត់ម៉ូតូឌុប អាយុ ៥៤ឆ្នាំ បាននិយាយថា គាត់ក៏បានឮពីច្បាប់ចរាចរណ៍នេះដែរ ប៉ុន្តែគាត់និងអ្នក​ធ្វើដំណើរតាមម៉ូតូ​ផ្សេងទៀត ពេលខ្លះ​នៅតែ​ធ្វើ​មិនដឹងមិនឮ ដោយសារការអនុត្តច្បាប់​នៅធូរ​រលុង។
គាត់បាននិយាយថា ”ខ្ញុំបានដឹងពីច្បាប់ចរាចរណ៍ ប៉ុន្តែខ្ញុំសង្កេតឃើញថា មានមនុស្សជាច្រើនមិនបាន​ពាក់មួក​សុវត្ថិភាពទេ ហើយ​ពួកគេ​មិន​ត្រូវបាន​នគរ​បាល​បានផាកពិន័យដែរ។ ដូចនេះពេលខ្លះ ខ្ញុំក៏មិន​បាន​ពាក់​មួកសុវត្ថិភាពដែរ”។
នៅពេលសួរអំពីការរងរបួសក្បាលនៅពេលមាន​គ្រោះថ្នាក់នៅលើដងផ្លូវ ​គាត់បានឆ្លើយយ៉ាងរហ័សថា “ជារឿយៗ ខ្ញុំបានឃើញគ្រោះថ្នាក់នៅតាមផ្លូវ ហើយ​ខ្ញុំ​ព្យាយាមប្រុងប្រយ័ត្នពេលបើកបរ ប៉ុន្តែវា​អាស្រ័យ​លើ​វាសនា”។
លោកវីរៈសេនីយ៍ ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក៏បានទទួលស្គាល់ដែរថា ចំនួនអ្នកបើកបរទោចក្រយាន​យន្តនិងអ្នក​រួម​ដំណើរ​កាន់​ តែច្រើនបានពាក់មួកសុវត្ថិភាពនៅពេលថ្ងៃ តែនៅពេលយប់​​មិនច្រើនទេ ខណៈដែលការអនុវត្តច្បាប់នៅមានចន្លោះប្រហោងខ្លះ។
លោក​​បានលើកឡើងថា ទាំងនគរបាល ទាំងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានស្មើគ្នា ដូចនេះ​ប្រទេសអាច​កាត់​បន្ថយ​ការ​ស្លាប់​និង​របួសជា​អតិបរិមា ពិសេស​គ្រោះថ្នាក់​ដោយ​សារ​ការប៉ះទង្គិចក្បាល។
ចំណែក​លោក​ឧត្តមសេនីយ៍ទោ ទី ឡុង ក៏បានបន្ទរការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែរ​ដោយ​លោកបញ្ជាក់ថា ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ត្រូវតែធ្វើឲ្យបានម៉ឺងម៉ាត់ ដើម្បី​ផ្លាស់​ប្តូរ​ឥរិ​យា​បថសាធារណជនចំពោះការបើកបរនៅតាមដងផ្លូវ ដើម្បីជួយសង្រ្គោះជីវិតមនុស្សពីគ្រោះថ្នាក់ ពិសេស​ពីការ​រង​របួសក្បាល៕

Related Articles

Back to top button
Close
Close