ចិនខ្វល់ខ្វាយចំពោះទំនាក់ទំនងយោធាអូស្រ្តាលីនិងសហរដ្ឋអាមេរិក
ប្រទេសចិនបានរិះគន់ផែនការរបស់ប្រទេស អូស្រ្តាលី (Australia) ក្នុងការបង្កើនចំនួនបុគ្គលិកយោធាសហរដ្ឋអាមេរិក ដែលបោះ ទីតាំង នៅតំបន់ភាគខាងជើង(Northern Territory)។ អូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពទាំងនោះ ដែលជាផ្នែកមួយនៃការផ្លាស់ ប្តូរយុទ្ធ សាស្រ្តរបស់រដ្ឋបាលលោក ប្រធានាធិបតី អូបាម៉ា (Obama) ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific)។ រដ្ឋាភិបាលទីក្រុង ប៉េកាំង (Beijing) ថ្លែងថា ទីក្រុងកង់បេរ៉ា (Canberra) កំពុងតែត្រឡប់ទៅរកសម្ព័ន្ធមិត្តសង្រ្គាមត្រជាក់វិញហើយ ខណៈពេលដែលរដ្ឋ មន្រ្តីការបរទេសអូស្រ្តាលី លោក ប៊ប ខារ៍ (Bob Carr) ដែលបានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែឧសភា។
លោក ខារ៍ បាននិយាយថា លោកបានប្រាប់ប្រទេសម្ចាស់ផ្ទះថា ទំនាក់ទំនងយោធារបស់អូស្រ្តាលី ជាមួយទីក្រុងវ៉ាស៊ីនតោន (Washington) គឺជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់សន្តិសុខរបស់ប្រទេសរបស់លោក។
«នៅក្នុងករណីនីមួយៗ ពួកគេបានលើកឡើងបញ្ហាស្តីពីការបង្កើនទំនាក់ទំនងផ្នែកការពារជាតិ របស់អូស្រ្តាលី ជាមួយសហរដ្ឋអាមេរិក។ ហើយខ្ញុំបានឆ្លៀតយកឱកាសនេះ ដើម្បីដាក់ទំនាក់ទំនងនេះទៅក្នុងបរិបទប្រវត្តិសាស្រ្ត ហើយពន្យល់ថាតើហេតុអ្វីបានជា ទំនាក់ទំនងនេះ ក្លាយជាចំណុចរបត់ ដ៏សំខាន់និងប្រកបដោយប្រសិទ្ធភាព នៅក្នុងគោលនយោបាយការបរទេសរបស់ អូស្រ្តាលី»។
លោក ខារ៍ ថ្លែងថា ក្រុមមន្រ្តីជាន់ខ្ពស់ចិនបានទទូចថា ឳកាសសម្រាប់«សម្ព័ន្ធភាពសង្រ្គាមត្រជាក់» បានកន្លងផុតជាយូរណាស់មកហើយ។
រដ្ឋាភិបាលទីក្រុង កង់បេរ៉ា ជឿជាក់ថា សហរដ្ឋអាមេរិកបានជួយធានាឲ្យមានសន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលនៅទីនោះ ស្ថិរភាពបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា សម្រាប់ប្រទេសទាំងឡាយ ដោយរាប់បញ្ចូលទាំងប្រទេសចិនផងដែរ។
ប៉ុន្តែ លោក ខាធឺរីន ម័រតុន (Katherine Morton) ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៅឯសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University) មានប្រសាសន៍ថា ទីក្រុងប៉េកាំង កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការកសាងកម្លាំងយោធា របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
«ខ្ញុំគិតថា ទស្សនៈជារួមដែលផុសចេញមកពីទីក្រុង កង់បេរ៉ា គឺថា វត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺជារឿងល្អ គឺជារឿងវិជ្ជមាន ហើយថា ជាពិសេសនៅក្នុងពេលថ្មីៗនេះ បានបង្កឱ្យមានការខ្វល់ខ្វាយយ៉ាងខ្លាំងពីភាគីទីក្រុង ប៉េកាំង»។
ទ្វេគ្រោះរបស់ប្រទេស អូស្រ្តាលី គឺថាតើត្រូវធ្វើឲ្យមានតុល្យភាពរវាងសម្ព័ន្ធមិត្តដ៏សំខាន់របស់ ខ្លួនជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនង សេដ្ឋកិច្ចប្រកបដោយភាពរីកដុះដាលរបស់ខ្លួនជាមួយនឹង ប្រទេសចិនយ៉ាងដូចម្តេច។ តម្រូវការរបស់ខ្លួនលើវិស័យធនធានធម្មជាតិ ពោល គឺ រ៉ែដែក កំពុងតែជួយគាំទ្រដល់វិបុលភាពរបស់ អូស្រ្តាលី ខណៈពេលដែលប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតជាច្រើន កំពុងជួបវិបត្តិ សេដ្ឋកិច្ច៕ដោយ ឌី ខាំបូលីz (VOA)