សមត្ថកិច្ចអះអាងថា តារាសម្តែង សារ៉ាវឌី ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន Cambodia News/
ព្រៃវែង (១៨ មេសា ២០១៦) ៖ សមត្ថកិច្ចខេត្តព្រៃវែងបានអះអាងថា តារាសម្តែង អ្នកស្រី សារ៉ាវឌី និងបុរសម្នាក់ទៀត ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប្រាកដមែន ពុំមានពាក់ព័ន្ធនិងករណីប្លន់ ឬរំលោភនោះទេ។
លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែងបានបញ្ជាក់ថា តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ល្បឿនម៉ូតូដែលជនរងគ្រោះទាំងពីរនាក់នេះជិះ គឺលឿនខ្លាំងណាស់ ទើបបណ្តាលឲ្យបុកបង្គោលហើយដួលរបួសធ្ងន់ធ្ងរ មានជាប់គ្រួសពញខ្លួន ហើយភ្លាមៗនោះជនរងគ្រោះមិនទាន់ស្លាប់ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា ប៉ុន្មានម៉ោងក្រោយកើតហេតុទើបជនរងគ្រោះស្លាប់នោះទេ។
លោកស្នងការនគរបាលក៏បានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ អតីតតារាសម្តែង សារ៉ាវឌី បានស្លាប់នៅកន្លែងកើតហេតុ ឯបុរសដែលជាអ្នកបើកបរម៉ូតូ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះមានក្លិនស្រា ហើយមានជាប់គ្រួសនៅកញ្ចឹងក។
លោកស្នងការរូបនោះអះអាងថា ចំពោះការចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ក៏មានវត្តមានឧត្តមសេនីយ៍មួយរូបនៅក្រសួងការពារជាតិដែលជាសាច់ញាតិ គ្រួសារអ្នកស្រី សារ៉ាវឌីផងដែរ ហើយចំពោះករណីរហែកសំលៀកបំពាក់គឺបណ្តាលមកពីជនរងគ្រោះ ដួលអូសនិងគ្រួសលើផ្លូវ ហើយពុំឃើញមានភស្តុតាងណាជាប់ពាក់ព័ន្ធនិងករណីប្លន់ ឬរំលោភនោះទេ៕