ក្រុមហ៊ុនណាហ្គាវើលនឹងសាងសង់ របង និងក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មីនា ២០១៦) ៖ របងនិងក្លោងទ្វារខាងជើង ពុទ្ធសាសនបណ្ឌិត្យ នឹងត្រូវសាងសង់ឡើងវិញ បន្ទាប់ពីមានការរុះរើដោយក្រុមហ៊ុនណាហ្គាវើល ក្នុងដំណើរការសាងសង់ផ្លូវក្រោមដី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធម្មការចុះថ្ងៃទី ២៤ មីនា ឆ្នាំ២០១៦។
ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា កន្លងមកបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើល បានស្នើសុំកែសម្រួលក្លោងទ្វារខាងជើង របស់ពុទ្ធសាសនបណ្ឌិត្យ ក្រសួងធម្មការ និងសាសនា ក៏បានអនុញ្ញាត។
បច្ចុប្បន្ននេះដោយសារស្ថានភាពអនុគ្រោះ មិនមានផលប៉ះពាល់ នៅពីមុខពុទ្ធសាសនបណ្ឌិត្យក្នុងដំណើរសាងសង់ផ្លូវក្រោមដីទៀតនោះ ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើការជួលជុល របងពុទ្ធសាសនបណ្ឌិត្យជាបណ្ដើរៗ ដែលកន្លងមករបងនេះពុំត្រូវបានរុះរើទេ។ តបតាមសំណូមពររបស់ក្រសួងធម្មការ និងសាសនា ក្រុមហ៊ុនក៏បានសាងសាង់បន្ថែមលើកកម្ពស់កន្លះម៉ែត្រ លើសបីកម្ពស់របងចាស់ ដើម្បីធ្វើការធានាសុវត្ថិភាពជាងមុនផង។
ក្រសួងធម្មការបានបន្តទៀតថា ចំពោះក្លោងទ្វារខាងជើងដែលបានរុះរើទាំងស្រុងនោះ ក្រុមហ៊ុន នឹងចាប់ផ្ដើមធ្វើ បន្ទាប់ពីជួសជុលរបងរួច ហើយបច្ចុប្បន្ន ក្រុមហ៊ុនណាហ្គាវើលកំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ដែលមានជំនាញដើម្បីសាងសង់ក្លោងទ្វារ តាមរចនាបថដើមទាំងស្រុង។
ទន្ទឹមនឹងនេះ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការសាងសង់ទីស្ដីការក្រសួងនៅខាងត្បូងពុទ្ធសាសនបណ្ឌិត្យ ក៏កំពុងត្រៀមរៀបចំដំណើរការសាងសង់នៅពេលខាងមុខនេះផងដែរ។ លើសពីនេះ ក្រសួងក៏បានត្រៀមរៀបចំលក្ខណៈ សាងសង់របងថ្មីទាំងស្រុងក្រោយ ពីបានសាងសង់អាគារ ទីស្នាក់ការ រួចរាល់ជាស្ថាពរ៕