ការខ្វះជំនាញរបស់គ្រូពេទ្យគឺជាការសម្លាប់អ្នកជំងឺដោយមិនដឹងខ្លួន
ដោយ៖ ហេង នាង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥កក្កដា២០១២ក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាលបន្តវិជ្ជាជីវះ វេជ្ជសាស្ត្រ នៅសណ្ឋាគារភ្នំពេញលោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយថា ការខ្វះជំនាញរបស់លោកគ្រូពេទ្យគឺជាការសម្លាប់អ្នកជំងឺ ដោយមិនដឹងខ្លួនដែលទាមទារក្នុងនាមជាគ្រូពេទ្យ ម្នាក់ៗត្រូវព្យាយាមសិក្សារៀន សូត្រតាមដានជំងឺលើក កំពស់សមត្ថភាពយល់ ដឹងបន្ថែមនៅក្នុងការព្យាបាលជំងឺឲ្យបានជាប្រចាំ និងអស់មួយជីវិតរបស់គ្រូពេទ្យ ។
លោកបានបន្តថា ការវិវឌ្ឍខាងវិទ្យាសាស្ត្រគឺឈាន ទៅមុខជារៀងរាល់ថ្ងៃ ហើយស្ថានភាពថ្មីៗរបស់ ជំងឺក៏មានការប្រែប្រួលជារៀងរាល់ថ្ងៃផងដែរ ដូច្នេះគ្រូពេទ្យត្រូវតែអភិវឌ្ឍន៍ខ្លួនដោយខ្លួនឯងក្នុងការ រៀនសូត្រតាមដានជំងឺពេញមួយជីវិតជាគ្រូពេទ្យមិនអាច នៅដដែលៗបានទេ ។
លោកសាស្ត្រាចារ្យបានលើកជាឧទាហរណ៍ថាជំងឺឆ្លង EV,71 គឺជាប្រភេទជំងឺមួយថ្មី ថ្មីមែនប៉ុន្តែក្នុង នាមជាគ្រូពេទ្យត្រូវតែដឹងថាប្រភេទជំងឺនោះវាឆ្លងកាចប៉ុនណាមិនកាចប៉ុនណាគ្រូពេទ្យត្រូវដឹង បើគ្រូពេទ្យមិនដឹងផងតើឲ្យប្រជាជនលោកដឹងម្តេចកើតដែលនេះធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើល។ ដូច្នេះគ្រូពេទ្យត្រូវតែស្វែងការយល់ដឹងដើម្បីផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីជំងឺនេះងាយស្រួល នៅពេលដែលមានកូនចៅរបស់គាត់កើតមានប្រភេទជំងឺនេះឲ្យគាត់ប្រញាប់ប្រញាល់នាំកូនមក កាន់មន្ទីរពេទ្យដើម្បីធ្វើការតាមដាន។
លោកបានបន្តថានៅមានរឿងជាច្រើនទៀតដែលខ្លួនឯងជាគ្រូពេទ្យត្រូវតែមាំទាំប៉ុនណានោះ គឺយកចិត្តទុកដាក់ទាំងសមត្ថភាពជំនាញឲ្យទាន់សម័យកាល ពិសេសសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សមរម្យ និងទទួលពិនិត្យអ្នកជំងឺក្នុងភាពកក់ក្តៅប្រកបដោយសមត្ថភាពកុំឲ្យប្រជាជនបាត់ជំនឿហើយចេញ ទៅព្យាលនៅខាងក្រៅ៕