លោក សុខ ប៊ុន នឹងមានសេរីភាពវិញ ក្រោយថ្ងៃប្រកាសសាលក្រម ៣ខែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៦) ៖ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលាក្រម ផ្តន្ទាទោស លោក សុខ ប៊ុន ដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ តែតម្រូវឲ្យអនុវត្តទោស ក្នុងពន្ធនាគាររយៈពេល១០ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន ដោយបានពិន័យជាប្រាក់ ចំនួន៦លានរៀល ផងដែរ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលត្រូវផ្តន្ទាទោសកំណត់ក្នុង មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
តាមរយៈសាលក្រមផ្តន្ទាទោស ពីសំណាក់លោកស្រីចៅក្រម ស៊ លីនណា លោក សុខ ប៊ុន និងត្រូវមានសេរីភាពវិញ ក្នុងរយៈពេល៣ខែក្រោយ សាលក្រមស្ថាពរនេះ ក៏ព្រោះតែជនជាប់ចោទរូបនេះ បានអនុវត្តទោសចំនួន ៧ខែ ក្នុងពន្ធនាគារកន្លងរួចមកហើយ។
គួររំលឹកថា លោក សុខ ប៊ុន អតីតមានងារជា ឧកញ៉ា និងជាអតីតប្រធាន ក្រុមអ្នកវាយតម្លៃអចលនទ្រព្យ នៅកម្ពុជា បានត្រូវកញ្ញាសាសា ដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ ដែលកើតឡើងកាលពី រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លឹបកំសាន្ត ឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕