រយៈពេល៦ខែដើមឆ្នាំ២០១២អ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់មានការថយចុះ
ដោយ៖ ហេង នាង
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១២ករណីជំងឺគ្រុនចាញ់ដែលមកសម្រាកព្យាបាលដោយសេវាសាធរណៈ និងភ្នាក់ងារសុខភាព ភូមិផងដែរនោះមានចំនួន ៣៥.៧១៣នាក់ ចំនួននេះគឺមានការថយចុះ២៣ភាគរយបើប្រៀបធៀបទៅ នឹងឆ្នាំ២០១១ដែលមាន ៤៦.៣៦៣នាក់ និង២៨នាក់នៅឆ្នាំ២០១២គឺមានការថយចុះផងដែរ។
ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថាករណីស្លាប់ភាគច្រើនគឺអ្នកធ្វើចំណាកស្រុកទៅធ្វើការក្នុង តំបន់គ្រុនចាញ់និងជាពិសេសអ្នកដែលទៅរកវិស័យឯកជនព្យាបាលមិនជាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររួច ហើយទើបចូលមករកព្យាបាលពីសេវាព្យាបាលសារធារណៈយឺតពេល ក្នុងនោះខ្លះស្លាប់ដោយមក យឺតពេលហួសពេលជួយសង្គ្រោះបាន។
ជាទូទៅអន្ដរាគមន៍ជាយុទ្ធសាស្ដ្រដើម្បីសំរេចគោលបំណងកាត់បន្ថយអត្រាឈឺនិងស្លាប់គឺមាន៣ សំខាន់៖ទី១.ការពារមិនឲ្យមូសដែកគោលញីចម្លងគ្រុនចាញ់តាមរយៈការជំរុញឲ្យប្រជាជនដែល រស់នៅជា អចិន្ដ្រៃយ៍ឬធ្វើចំណាកស្រុកចូល ទៅក្នុងតំបន់គ្រុនចាញ់ត្រូវសំរាន្ដក្នុងមុងជ្រលក់ថ្នាំ។
ទី២.ការធានាឲ្យមានសេវាធ្វើរោគវិនិច្ឆ័យ-ព្យាបាលទាន់ពេលវេលាដោយចាប់ផ្ដើមពីថ្នាក់ភូមិមក ក្នុងនោះគ្មានបង់ថ្លៃសេវាសាធារណៈនិងទី៣.ការផ្ដល់ព័ត៌មានជូនប្រជាជនគឺដើម្បីប្រកាន់ឥរិយាបទ មានសុវត្ថិភាពក្នុងការបង្ការឬការទទួលសេវាធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់ទាន់ពេលវេលាមានប្រសិទ្ធ ភាពនិងសុវត្ថិភាព។
សូមជម្រាបថា អត្រាស្លាប់គ្រុនចាញ់ក្នុងប្រជាជនកម្ពុជា១សែននាក់បានថយចុះពី១៤,៣នាក់នាឆ្នាំ១៩៩៨មកនៅត្រឹម ០,៦៧នាក់នាឆ្នាំ២០១១ក្នុងខណៈដែលគោលដៅសហសវត្សកំណត់០,៧៨នាក់។យើងមានមោទនភាពក៏ពិតមែនប៉ុន្ដែយើងនៅមានកិច្ចការច្រើនត្រូវធ្វើបន្ដទៀតព្រោះថាឆ្នាំ២០១១នេះក៏ជាឆ្នាំគោលនៃការចាប់ផ្ដើមអនុវត្ដផែនការយុទ្ធសាស្ដ្រលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥របស់រាជរដ្ឋាភិបាល៕