របបយោធាថៃដាក់សម្ពាធបណ្ដាញ Facebook និង Line
សារព័ត៌មាន Cambodia News/
ថៃ (០១ កុម្ភៈ ២០១៦) ៖ មន្ដ្រីជាន់ខ្ពស់ថៃ កាលពីថ្ងៃទី៣១ មករា បានឲ្យដឹងថា រដ្ឋាភិបាល យោធាថៃនឹងព្យាយាមបញ្ចុះបញ្ជូលក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គម មានហ្វេសហ៊ុក និងឡាញ ឲ្យអនុវត្ដតាមការបញ្ជារបស់តុលាការ ដើម្បីលុបចោលនូវមាតិកាលើបណ្ដាញសង្គមរបស់ខ្លួន ដែលអាចប៉ះពាល់ដល់សន្ដិភាពនិងសណ្ដាប់ធ្នាប់ក្នុងប្រទេសថៃ។
សមាជិក ក្រុមប្រឹក្សាភិបាលលោក Pisit Paoin ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលថៃបានពង្រីកបទបញ្ជារបស់តុលាការ ដើម្បីលុបបំបាត់ចោលនូវការបង្ហោះមាតិកាឬចំណងជើងអត្ថបទផ្សេងៗលើ ហ្វេសប៊ុកនិងឡាញ ដែលវាអាចបំផ្លាញដល់ប្រទេសជាតិ និងប៉ះពាល់ដល់របបរាជានិយម ក៏ដូចជាប៉ះពាល់សន្ដិភាព សណ្ដាប់ធ្នាប់ ក្នុងប្រទេសទាំងមូល។ ការស្នើសុំបែបនេះ ដោយសារកន្លងមកក្រុមហ៊ុនទាំងពីរកម្រនឹងអនុវត្ដតាមបទបញ្ជា។
ចំពោះ ការប៉ុនប៉ងរបស់រដ្ឋាភិបាល ដែលចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមលុបចោលនូវការបង្ហោះសារនយោបាយ ផ្សេងៗ មិនទទួលបានប្រសិទ្ធភាពទេកន្លងមក ទោះបីជារដ្ឋាភិបាលថៃបានបិទគេហទំព័ររាប់ពាន់ ដែលបង្ហោះសារប៉ះពាល់ដល់ព្រះមហាក្សត្ររួចមកហើយក្ដី។ ដោយ ឡែក ការចាប់ខ្លួនមនុស្ស ស្ថិតក្រោមច្បាប់ប្រឆាំងការរិះដល់របបរាជានិយម ក៏កើនឡើងជាលំដាប់។ ក្រៅពីនេះ របបយោធាបានបង្កើនយុទ្ធនាការបង្ក្រាប ចំពោះអ្នករិះគន់របបយោធាផងដែរ៕