កូនចៅចិនមានត្រណម និងសកម្មភាពអ្វីខ្លះថ្ងៃចូលឆ្នាំថ្មី?
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មករា ២០១៦) ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងឈានចូលមកដល់នៅថ្ងៃទី១៧ កុម្ភៈ ខាងមុខ (ថ្ងៃសែន) ហើយកូនចៅចិនជាង៨០ម៉ឺននាក់ ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា បានប្រុងប្រៀបរៀបចំលំនៅឋានរបស់ខ្លួនជាបណ្តើរៗ ដើម្បីទទួលឆ្នាំថ្មីសិរីសួស្តីទាំងអស់គ្នា ។
តាមរយៈបទសម្ភាស៍ របស់ លោកសៃ ហេង ប្រធានសមាគមចិនខិ កម្ពុជា ជាមួយនឹងគេហទំព័រសារព័ត៌មានក្នុងស្រុង បានឲ្យដឹងថា តាមប្រពៃណីចិនសម្រាប់នៅឆ្នាំថ្មីឆ្នាំនេះ កូនចៅទាំងអស់នៅតាមគ្រួសារនីមួយៗមិនថានៅជិត ឬនៅឆ្ងាយត្រូវតែមកជួបជុំគ្នាសែនទាំងអស់គ្នានៅផ្ទះឪពុកម្តាយ រៀងៗខ្លួន ។
លោកសៃ ហេង បន្តថា ការជួបជុំគឺបង្ហាញពីការហូបបាយរួមគ្នា និងការសួរសុខទុក្ខគ្នារវាងបងប្អូនថានៅឆ្នាំចាស់កន្លងទៅ តើការរស់នៅ និងការប្រកបមុខរបរយ៉ាងដូចម្តេចដែរ ? នៅថ្ងៃចូលឆ្នាំថ្ងៃទី១ បន្ទាប់ពីការសែនដូនតា កុងម៉ា ហើយអាចថាជាថ្ងៃត្រណមមួយដែរ សម្រាប់កូនចៅចិន គឺហាមមិនឲ្យបោសសំរាម និងមិនឲ្យធ្វើការងារអ្វីទាំងអស់នៅក្នុងផ្ទះ គឺពួកគាត់ទុកពេលឲ្យកូនចៅទាំងអស់បង្កើតកម្មវិធីសប្បាយរួមគ្នា ចំណែកនៅថ្ងៃចូលឆ្នាំទី២ កូនចៅទាំងអស់អាចដើរលេងកម្សាន្ត និងសួរសុខទុក្ខបងប្អូនផ្សេងៗនៅគ្រប់ទីកន្លែងបាន ។
ទាក់ទងនឹងសកម្មភាព និងការគោរពតាមប្រពៃណីជនជាតិចិននេះ លោក សៃ ហេង ថ្លែងថា យើងនៅតែគោរព និងធ្វើតាមជីដូនជីតារបស់យើងពីមួយជំនាន់ទៅមួយជំនាន់ដែលមានប្រ វតិ្តរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែសម្រាប់កូនចៅចិនរស់នៅប្រទេសចិន និងកូនចៅចិនរស់នៅកម្ពុជា ការរៀបចំគឺមានខុសប្លែកគ្នាតិចតួច ផ្អែកទៅលើកម្រិតជីវភាព ៕