អាមេរិក ដាក់ប្រទេស ក្នុងស្ថានការណ៍ ប្រកាសអាសន្ន ដោយសារព្យុះព្រិល ដ៏ខ្លាំងក្លា
សារព័ត៌មាន Cambodia News /
អាមេរិក (២៤ មករា ២០១៦) ៖ ព្យុះព្រិលដ៏ខ្លាំងក្លាមួយ ក្នុងប្រវត្តិសាស្រ្ត បានធ្វើឲ្យ ប្រជាជនអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង និង ធ្វើដំណើរ ត្រលប់ទៅផ្ទះវិញ យ៉ាងរហ័ស នៅចុងសប្តាហ៍នេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអាសន្ន ដើម្បីរៀបចំ ទប់ទល់នឹងព្យុះ ដែលមានឈ្មោះ ថា “Snowmageddon”។ ខ្យល់ព្យុះ ដែលបោកបក់ ពីកណ្តាលមហាសមុទ្រអាត្លង់ទិច មួយនេះ ត្រូវបានគេ ព្យាករណ៍ថា នឹងមានបរិមាណព្រិល ដ៏ច្រើនលើសលប់ គ្របដណ្តប់ ពេញផ្ទៃប្រទេស រយៈពេល២ថ្ងៃ។
ការប្រកាសអាសន្ន ចំពោះព្យុះព្រិលនេះ ត្រូវបានគេធ្វើឡើង ទូទាំងតំបន់ឆ្នេរ ប៉ែកខាងកើត ចាប់តាំងពីថ្ងៃនេះ រហូតដល់ ថ្ងៃអាទិត្យ។ លើសពីនេះទៅទៀត ស្ថានការណ៍ដ៏គ្រោះថ្នាក់ នៃការកើតឡើងព្រមគ្នា រវាងការធ្លាក់ព្រិល ដ៏ក្រាស់ និងកម្លាំងខ្យល់ ដ៏ខ្លាំង បានគំរាមកំហែង ដល់ការធ្វើដំណើរ នៅក្នុងតំបន់ យ៉ាងធ្ងន់ធ្ងរ។
ម្យ៉ាងវិញទៀត ប្រជាជនដែលរស់នៅ ក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានរដ្ឋាភិបាល ក្រើនរំលឹក ឲ្យត្រៀមខ្លួន ទុកជាមុន ហើយត្រូវប្រាកដថា ផ្ទះរបស់ពួកគេ អាចទ្រទ្រង់ នូវទម្ងន់ព្រិល ដ៏ធ្ងន់ ទាំងនោះបាន។ខណៈពេលនេះដែរ ប្រជាជនរាប់លាននាក់ រួមទាំងក្មេងៗ សិស្សសាលា ផងដែរ ត្រូវបានអនុញ្ញាត ឲ្យត្រលប់ទៅផ្ទះ មុនម៉ោង ដើម្បីសុវត្ថិភាព៕