សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងដល់១៤ អង្សារសេ ចាប់ពីថ្ងៃទី២៤-២៥ខែមករានេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មករា ២០១៦) ៖ នៅថ្ងៃទី២៤-២៥ ខែមករា ខាងមុខនេះ ប្រទេសកម្ពុជា នឹងចុះត្រជាក់នៅតំបន់មួយចំនួន ដូចជា ទី១ បណ្ដាខេត្តដែលស្ថិតក្នុងតំបន់ខ្ពង់រាបភាគឦសាន ទី២ បណ្ដាខេត្តដែលស្ថិតក្នុងតំបន់ខ្ពង់រាបភាគខាងជើង និងទី៣ បណ្ដាខេត្តដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគពាយព្យ។
បើតាមលោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ខេត្តដែលចុះត្រជាក់ខ្លាំងជាងគេរួមមាន៖ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង ព្រះវិហារ រតនគីរី និងមណ្ឌលគីរី ដែលសីតុណ្ហភាពនឹងចុះត្រជាក់ចាប់ពីរង្វង់ ១៤-១៥ អង្សារសេ។
លោក ចាន់ យុត្ថា បានបន្ថែមថា ក្រៅពីខេត្តដែលបានរៀបរាប់ ខេត្តដ៏ទៃទៀត បូករួមទាំងរាជធានីភ្នំពេញ សីតុណ្ហភាពនឹងចុះត្រជាក់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយមិនមានលក្ខណៈត្រជាក់ខ្លាំង នោះទេ ។ ចំពោះខេត្តដែលស្ថិតជាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមានលក្ខណៈធម្មតា។
សីតុណ្ហភាពត្រជាក់នេះ ត្រូវបានលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់ឲ្យដឹងថា បណ្តាលមកពីប្រទេសកម្ពុជាទទួលជ្រលងសម្ពាធខ្ពស់ ស៊ីប៊េរី ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី៕