គម្រោងការប៉េកាំងនៅ Paracels បាននាំឲ្យកើតមានការប្រឆាំងយ៉ាងខ្លាំងក្លានៅក្នុងតំបន់
ភាពតានតឹងបានកើនឡើងមួយកម្រិតនៅ សមុទ្រចិនខាងត្បូងក្រោយពីមាន គម្រោងការរបស់ទីក្រុងប៉េកាំង ដាក់មូលដ្ឋានយោធានៅលើទីប្រជុំកោះ Paracels ដែលជាទីកន្លែងឈ្លោះដណ្តើមគ្នារវាងប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍។ គម្រោងការប៉េកាំងនៅទីប្រជុំកោះ Paracels នេះបានធ្វើឲ្យ ប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនខឹងក្រេវក្រោធ យ៉ាងខ្លាំង។
សេចក្តីសម្រេចចិត្តរបស់ប្រទេសចិនដែលគ្រោងដាក់មូលដ្ឋានទ័ពនៅទីប្រជុំ កោះ Paracels នេះ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងក្លាពី សំណាក់ប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីលវិញ បានត្រូវ កោះហៅដោយអាជ្ញាធរហ្វីលីពីន ដើម្បីសម្តែងបង្ហាញឲ្យឃើញនូវការ ប្រឆាំងដាច់ណាត់របស់គេ។ការទិតៀនប្រឆាំងមានកាន់តែច្រើនឡើងៗនៅក្នុងបណ្តាប្រទេសអាស៊ី អាគ្នេយ៍ ប្រឆាំងទល់នឹងការដំឡើងបង្ហាញសាច់ដុំរបស់ទីក្រុងប៉េកាំង។
សេចក្តីសម្រេចចិត្តរបស់ប្រទេសចិនក្នុងការដាក់មូលដ្ឋានយោធានៅ សាន ស្ហាឬ ទីប្រជុំកោះប៉ារ៉ាសែលដែលឋិតនៅប៉ែកខាងជើងនៃសុមុទ្រចិន ខាងត្បូង បានបណ្តាលឲ្យកើតមានកំហឹងក្រេវក្រោធយ៉ាងខ្លាំងពីសំណាក់ទីក្រុង ហាណូយ ដែលទាមទារចង់បានមួយចំណែកនៃទីប្រជុំកោះទាំងនោះ។ សម្រាប់ ប្រទេសវៀតណាម ទង្វើរបស់ប្រទេសចិនគឺជាការរំលោភទៅលើច្បាប់អន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់វៀតណាម។
រីឯប្រទេសហ្វីលីពីនវិញបានបរិហារពីគម្រោងការរបស់ទីក្រុងប៉េកាំង ហើយបារម្ភ ពីផលវិបាកដែលអាចកើតមាននៅក្នុងតំបន់មួយដ៏ “យុទ្ធសាស្ត្រ” ដែលគេសង្កេត ឃើញឧប្បត្តិហេតុកើតមានកាន់តែច្រើនឡើងៗនារយៈពេល ប៉ុន្មានខែចុងក្រោយនេះ មានដូចជាការមកដល់កាលពីសប្តាហ៍មុននៃនាវានេសាទចិនមួយក្រុមដែលបានមកដល់ជិត ទីប្រជុំកោះ Spratleys ដែលឋិតនៅប៉ែកខាងត្បូងនៃទីប្រជុំកោះប៉ារ៉ាសែល ហើយដែលដណ្តើមចង់បានដោយទីក្រុងម៉ានីល។ គួរបញ្ជាក់ថា ទីប្រជុំកោះ Spratleysនេះឋិតនៅប្រមាណ១២០ miles nautiques ពីជ្រាំងសមុទ្រហ្វីលីពីន។
ចំណែកឯតៃវ៉ាន់វិញ បានប្រកាសឲ្យដឹងថា នៅខែក្រោយ គេនឹងដឹកយកទៅ ដាក់នៅលើ ទីប្រជុំកោះ Spratleys នូវកាំភ្លើងធំនិងកាំភ្លើងត្បាល ដែលនៅ ទីនោះ តៃវ៉ាន់មានទាហានប្រមាណ១៣០នាក់រួចស្រេចទៅហើយ។
គួរបញ្ជាក់ថាទីក្រុងប៉េកាំងបានតាំងខ្លួនជាម្ចាស់ដែនសមុទ្រនៃសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែ ការប្រកាសដំឡើងបង្ហាញសាចដុំបែបនេះ គឺពិតជាជួយរុញច្រានឲ្យប្រទេស មួយចំនួននៅអាស៊ីអាគ្នេយ៍ធ្លាក់ទៅក្នុងដៃរបស់សហរដ្ឋអាមេរិកជាពុំខាន៕ដោយ សៀក សារិន (RFI)