អាជ្ញាធរខ័ណ្ឌឬស្សីកែវរុះរើសំណង់រំលោភលើដីប្រឡាយបាក់ទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មករា ២០១៦) ៖ សំណង់រំលោភលើដីប្រឡាយបាក់ទូករាប់តាំងពីលំនៅដ្ឋាន ចង្ក្រានបាយ បង្គន់ រោងមាន់ របស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររុះរើ នៅព្រឹកថ្ងៃចន្ទនេះ ក្រោមហេតុផលរំលោភលើដីចំណីប្រឡាយបាក់ទូក។
ការរុះរើនេះធ្វើឡើងក្រោយពីមានលិខិតជូនដំណឹងកាលពី១សប្តាហ៍មុន និងមានសមត្ថកិច្ចជាច្រើនអ្នក ប្រដាប់ដោយអាវុធ និងមានគ្រឿងចក្រឈូសឆាយ បានចូលទៅរុះរើ និងកំទេចសំណងទាំងនោះ។
យ៉ាងណាក៏ដោយ ឆ្លើយតបនឹងប្រតិកម្ម ចំពោះការរុះរើរនេះ លោកអភិបាលខ័ណ្ឌឬស្សីកែវលោកធុន សុខនលើកឡើងថា ការរៀបចំប្រឡាយនេះមានរយៈពេលជាងមួយឆ្នាំមកហើយដើម្បីអភិវឌ្ឍ ដោយរៀបចំប្រព័ន្ធ ប្រឡាយទឹកឲ្យមានអនាម័យ និងធ្វើផ្លូវអមសងខាងប្រឡាយដើម្បីសម្រួលចរាចរណ៍ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗ ។
គួរបញ្ជាក់ថា ការរៀបចំប្រឡាយបាក់ទូកនេះគឺត្រូវរៀបចំទាំងសងខាងប្រឡាយហើយរាល់ការ ប៉ះពាល់ទាំងឡាយ មកលើប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរប្រកាសថា មិនមានការសងសំណងអ្វីឡើយ លុះត្រាតែ មើលឃើញថាការរុះរើនោះ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងស្រុង ដែលមិនអាចរស់នៅបន្តបាន៕