រាជរដ្ឋាភិបាលលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្នុងសមាជិកគ្រួសារ
សារព័ត៌ដមាន Cambodia News/
ភ្នំពេញ (១១ មករា ២០១៦) ៖ រាជរដ្ឋាភិបាលបានសម្រេចស្ដីពីការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឪពុក-ម្ដាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយ-តាបង្កើតនិងចៅបង្កើត ចាប់ពីថ្ងៃប្រកាសនេះតទៅ ហើយការលើកលែងនេះ មិនមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធដែលបានបង់រួចហើយនោះទេ ។
នេះបើយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។
សេចក្ដីសម្រេចនេះ បន្ទាប់ពីយោងទៅលើស្មារតីនៃសន្និបាតគណបក្សប្រជាជនលើកទី៣៩ អាណត្តិទី៥ នៅថ្ងៃទី១០ មករា ឆ្នាំ២០១៥ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យួរចោលនូវការជាប់ពន្ធលើបន្ទុកក្នុងការផ្ទេរមរតកអចលនទ្រព្យពីឪពុកម្តាយទៅកូន, ពីជីដូនជីតាទៅឱ្យចៅ និងពីប្តីទៅឱ្យប្រពន្ធ ឬពីប្រពន្ធទៅឱ្យប្តី ។
ការសម្រេចនេះ គឺដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យចំទិសដៅ កុំឱ្យមានការព្រួយបារម្ភ និងកង្វល់ក្នុងការផ្ទេរអចលនទ្រព្យដែលជាកេរមរតកពីសមាជិកគ្រួសារម្នាក់ទៅសមាជិកគ្រួសារម្នាក់ទៀត ដោយមិនចាំបាច់បង់ប្រាក់ថ្លៃសេវាឡើយ ៕