លោក វណ្ណ មករា ក្រឡាប់រថយន្ត ២ដង ស្លាប់បាត់បង់ជីវិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មករា ២០១៦ ) ៖ តារាចម្រៀងនិងជាអ្នកសម្តែងក្រមិចក្រមើមមួយរូប ដែលមានឈ្មោះបោះសំឡេងគ្រាន់បើ នៅក្នុងសង្គមសិល្បៈ គឺលោក វណ្ណ មករា អាយុ៣២ឆ្នាំ ពេលនេះបានលាចាកលោកទៅហើយ បន្ទាប់ពីជួមគ្រោះថ្នាក់ក្រឡាប់រថយន្តម្តងហើយម្តងទៀតកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី១០ មករា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩២ និងលេខ៩៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដំបូងគឺលោក វណ្ណ មករា រងគ្រោះដោយក្រឡាប់រថយន្តផ្ទាល់ ខ្លួនរបស់លោក គឺម៉ាកព្រូស ស៊េរី២០១៤ នៅក្បែរផ្សារព្រៃនប់ ក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពេលគ្រោះថ្នាក់ ចរាចរណ៍នៅខេត្តព្រះសីហនុនោះ ក្រុមគ្រួសារនិងមិត្តភក្តិ៣នាក់ ផ្សេងទៀតដែលជិះរថយន្តនោះ ជាមួយគ្នា មិនមានរងរបួសទេ បានហៅរថយន្តពេទ្យឯកជន ឱ្យដឹកលោក វណ្ណ មករា ទៅសង្គ្រោះឯមន្ទីរពេទ្យឯកជននៅរាជធានីភ្នំពេញ។
ពេលកំពុងដឹកតាមរថយន្តសង្គ្រោះ ក្នុងដំណើរឆ្ពោះមកមន្ទីរពេទ្យឯរាជធានីភ្នំពេញ លុះពេលរថយន្តសង្គ្រោះ មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តសង្គ្រោះ បានបែកកង់មុខប៉ែកខាងឆ្វេង បណ្តាលឱ្យរេចង្កូតក្រឡាប់រថយន្ត ធ្វើឱ្យអ្នកជិះក្នុងរថយន្តទាំងអស់ របួសធ្ងន់-ស្រាលគ្រប់គ្នា ដោយឡែក លោក វណ្ណ មករា ដែលកំពុងតែរងរបួសនិងបញ្ចូលខ្យល់អុកស៊ីហ្សែន ស្រាប់ផងនោះ បានកៀបជាប់ក្នុងរថយន្ត ដាច់ខ្យល់ស្លាប់តែម្តង ។
គួរបញ្ជាក់ដែរថា លោក វណ្ណ មករា មានវ័យ៣២ឆ្នាំ ជាអតីតតារាចម្រៀងប្រចាំផលិកម្ម យូធូ ហើយលោក ធ្លាប់បានធ្វើឱ្យទស្សនិកជន ជាច្រើនស្គាល់ តាមរយៈបទចម្រៀងរបស់ខ្លួន និងការច្រៀងលំនាំ តាមបទចម្រៀងរបស់តារាចម្រៀងព្រាបសុវត្ថិ ៕