រវាងភាពស៊ីវីល័យ និងការការពារអាយុជីវិត គួរសម្រេចជ្រើសរើសឲ្យបានច្បាស់
សារព័ត៌មាន Cambodia News/
អត្ថបទ និងរូបភាព ដោយ៖ ហេង នាង/
ភ្នំពេញ (២៩ ធ្នូ ២០១៥) ៖ ការពាក់មួកសុវត្ថិភាពអាចជួយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប ពីផលប៉ះពាល់ដល់អាយុជីវិត និងផ្នែកក្បាលធ្ងន់ធ្ងរ ដូច្នេះប្រជាពលរដ្ឋ ត្រូវពាក់មួកសុវត្ថិភាពគ្រាប់ពេលវេលា រាល់ពេលធ្វើដំណើរទៅណាម្តងៗ។
ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងការពារអាយុជីវិត ទាំងអ្នកបើកបរ និងអ្នករួមដំណើរ គឺត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា រាល់ពេលធ្វើដំណើរ។ ម្យ៉ាងវិញទៀត រវាងភាពស៊ីវីល័យ និងការការពារអាយុជីវិត តាមរយៈការពាក់មួកសុវត្ថិភាព គួរសម្រេចជ្រើសរើសឲ្យបានច្បាស់។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ដោយសារការមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ នៅតែជាក្តីបារម្ភ ខណៈប្រជាពលរដ្ឋជាច្រើន នៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍ នៃមួកសុវត្ថិភាព។
ផ្ទុយទៅវិញ ប្រសិនបើអ្នកយល់ច្បាស់ពីគុណសម្បត្តិនៃមួកសុវត្ថិភាព ហើយមិនអនុវត្ត នោះជារឿងដែលត្រូវគិតពិចារណាឡើងវិញ។
បើតាមរបាយការណ៍ របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា បានឲ្យដឹងថា ការពាក់មួកសុវត្ថិភាព បានត្រឹមត្រូវ និងមានគុណភាព គ្រប់ពេលធ្វើដំណើរ ពិសេសតាមម៉ូតូ ពិតជាបានជួយកាត់បន្ថយហានិភ័យ នៃការរងរបួសក្បាលធ្ងន់ប្រមាណ៦៩% និងការស្លាប់ប្រមាណ៤២%។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ មករា ឆ្នាំ២០១៦ ជាពេលវេលាដែលមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ថ្មី រឹតបន្តឹងលើអ្នកមិនគោរពច្បាប់។ សម្រាប់អ្នកបើកបរទោចក្រយានយន្ត មិនពាក់មួកសុវត្ថិភាព ទាំងអ្នកឌុប និងអ្នកជិះពីក្រោយ រួមទាំងកុមារផងនោះ នឹងត្រូវពិន័យ១៥០០០រៀល ជាតម្លៃគុណ៥ដង ទៅនឹងច្បាប់ចាស់៕