អតីតមន្ដ្រីជាន់ខ្ពស់ចិនម្នាក់ធ្វើអត្ដឃាតបន្ទាប់ពីមានគ្រោះបាក់ដី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ធ្នូ ២០១៥) ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់ចិនម្នាក់ ដែលទទួលបន្ទុកនៅទីភ្នាក់ងារទទួលខុសត្រូវនៃការចាត់ចែងគំនរកាកសំណល់នៅកន្លែងបាក់ដីកាលពីសប្ដាហ៍មុន បានធ្វើអត្ដឃាតហើយ។ នេះបើតាមការបញ្ជាក់ពីប៉ូលិស។
ជាអតីតប្រធានការិយាល័យគ្រប់គ្រងនៅស្រុកGuangmingរូបនេះមានត្រកូលXu ហើយកាសែត Metropolis Dailyបានស្គាល់ឈ្មោះលោកថា Xu Yuanan។ មុនប៉ូលិសដឹងថាជារូបលោក ប៉ូលិសបានទទួលរបាយការណ៍ថា មានបុរសម្នាក់បានធ្លាក់ពីលើអគារកាលពីថ្ងៃទី២៧ធ្នូ។
ពាក់ព័ន្ធនឹងការធ្វើអត្ដឃាតនេះ ប៉ូលិសមិនបានរកឃើញពីការទាក់ទិនគ្នារវាងការស្លាប់របស់លោក Xu និងគ្រោះមហន្ដរាយបាក់ដីទេ តែកន្លងមក រដ្ឋាភិបាលចិនគ្រាន់តែព្រមានថា អ្នកណាដែលទទួលខុសត្រូវនៅកន្លែងកើតហេតុបាក់ដី នឹងត្រូវទទួលការពិន័យយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់៕