​កម្ពុជាគ្រោងនឹងបង្កើត​គណៈកម្មការសុខភាព​អនាម័យនិង ​សុវត្ថិភាពការងារ

ដោយ៖ ហេង នាង

ភ្នំពេញ៖ ក្នុងពេលឆាប់ៗខាងមុខនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងនឹងបង្កើត គណៈកម្មការថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសុខភាពអនាម័យ និងសុវត្ថិភាពការងារ។ សហជីពកម្មករបានសាទរចំពោះគម្រោងការគណៈកម្មការសុខភាព អនាម័យ និងសុវត្ថិភាពការងារ នេះ និងបានស្នើឡើងនូវលក្ខខណ្ឌមួយចំនួន។

លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត អនុប្រធាននាយកដ្ឋានពេទ្យការងារ បាននិយាយថា គណៈកម្មការថ្មី នោះនឹងធ្វើការដោយផ្ទាល់នៅតាមមូលដ្ឋានប៉ុន្តែជាដំបូងគឺត្រូវបង្កើតគណៈកម្មការ នៅថ្នាក់ក្រសួង ជាមុនសិន។ គណៈកម្មការថ្មីនឹងមានសមាសភាពមកពីតំណាងក្រសួងការងារ និយោជក ដែលជា ម្ចាស់រោងចក្រកាត់ដេរ និងតំណាងកម្មករនិយោជិក។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា លោកសង្ឃឹមទុកជាមុនថា គណៈកម្មការនេះនឹងអាចជួយកាត់បន្ថយបញ្ហាផ្សេងៗ ដែលចោទឡើងពាក់ព័ន្ធនឹងសុខភាពរបស់ កម្មករ។

សម្រាប់លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក៏បានគាំទ្រដល់ គម្រោងការនេះថា មានប្រយោជន៍សម្រាប់ការថែទាំសុខភាពកម្មករផងដែរតែលោកបានជំរុញឲ្យ មានការគិតគូរពីហិរញ្ញ វត្ថុសម្រាប់ដំណើរការគណៈកម្មការនោះ។ ប្រសិនបើគណៈកម្មការនោះមាន ឯករាជ្យភាពផ្នែកថវិកា នឹងជំរុញឲ្យការងាររបស់គេមានតម្លាភាពបានមួយកម្រិត។

ទាក់ទិននឹងបញ្ហាសុខភាពកម្មករនៅតាមរោងចក្រ សហគ្រាស ជាពិសេសការដួលសន្លប់របស់កម្មករ កាលពីខែសីហា ឆ្នាំ២០១១ កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតគណៈ កម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ។ គណៈកម្មការនេះមាន សមាសភាពមកពីនាយកដ្ឋានពេទ្យការងារ អធិការកិច្ចការងារ និងបេឡាជាតិរបបសន្តិសុខសង្គម។ គណៈកម្មការចាស់នោះ មានគោលដៅដោះស្រាយបញ្ហាដែលកើតឡើងនៅពេលមានការដួល សន្លប់ជាទ្រង់ទ្រាយធំ រួមមានសម្របសម្រួលវិធានការសង្គ្រោះបន្ទាន់ វិធីព្យាបាល ទប់ស្កាត់ និងណែ នាំពីវិធីបង្ការការដួលសន្លប់ជាដើម។

លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានឲ្យដឹងផងដែរថា ដើម្បីឲ្យគណៈកម្មការសុខភាព អនាម័យ និងសុវត្ថិភាពការងារដែលគ្រោងនឹងបង្កើតថ្មីនោះធ្វើការងារមានប្រសិទ្ធភាព ចាំបាច់ត្រូវ គិតពីចំណុចសំខាន់ៗមួយចំនួន។ ក្នុងនោះត្រូវមានការតាមដាន ការសិក្សាស្រាវជ្រាវជាក់លាក់ ការ បញ្ចូលតំណាងអង្គការសង្គមស៊ីវិល និងអ្នកជំនាញសុខភាពទៅក្នុងគណៈកម្មការ បង្កើតឲ្យមានផែន ការសកម្មភាព ការបែងចែកតួនាទី និងឯករាជ្យផ្នែកថវិកាជាដើម៕

Related Articles

Back to top button
Close
Close