ទាហានឈុតខ្មៅថៃយកកន្ត្រៃកាត់សោទ្វារដែក ដោយគ្មានការអនុញ្ញាត
fសារព័ត៌មាន Cambodia News/
ព្រះវិហារ ៖ កាលពីវេលាម៉ោង១២ និង ៣៧នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ មានព្រឹត្តិការណ៍មិនប្រក្រតីមួយបានកើតទ្បើងនៅតំបន់ប្រាសាទព្រះវិហារ ដោយមានពួកទាហានឈុតខ្មៅថៃព្រមទាំង កម្លាំងនគរបាល និង ជនស៊ីវិលថៃ ប្រមាណ២០នាក់ បាននាំគ្នាយកកន្ត្រៃដែកយក្សទៅកាត់សោទ្វារដែក ដោយគ្មានការអនុញ្ញាតពីឆ្មាំការពារប្រាសាទភាគីកម្ពុជា។
ចំណុចកើតហេតុជាច្រកភ្ញៀវទេសចរចេញចូលទស្សនាប្រាសាទព្រះវិហារ កាលពីអតីតកាលដោយចូលពីខាងទឹកដីថៃ។
ប្រភពព័ត៌មានពីនគរបាលការពារបេតិកភណ្ឌបានឲ្យដឹងថា ពិតជាមានហេតុការណ៍កាត់សោទ្វារដែកពីកម្លាំងទាហានឈុតខ្មៅថៃប្រាកដមែននៅថ្ងៃទី១៧ ខែធ្នូ។
ប្រភពដដែលបញ្ជាក់ថា ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលមួយប្រាវផងដែរខាងកងកម្លាំងភាគីកម្ពុជាក្រោយមកស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែពេលនេះថ្នាក់លើបានឲ្យត្រៀមអង្កេតកុំឲ្យព្រឹត្តិការណ៍ដដែលកើតទ្បើងជាថ្មីម្តងទៀតឡើយគឺត្រូវប្រើសិទ្ធការពារតបតទៅភាគីថៃវិញ៕