ថៃកំពុងស្វែងរកជនជាតិស៊ីរីរស់នៅខុសច្បាប់ចំពេលរុស្ស៊ីព្រមានវត្តមានក្រុមIS
សារព័ត៌មាន Cambodia News/
ថៃ (០៧ ធ្នូ ២០១៥) ៖ តាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិChannel News Asia បានឲ្យដឹងថា អាជ្ញាធរថៃកំពុងស្វែងរកជនជាតិស៊ីរីទាំងបួននាក់ កំពុងរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ដោយសារលិខិតឆ្លងដែនរបស់បុរសទាំងបួននាក់នោះ បានផុតកំណត់ទៅហើយ។
ជាការកត់សំគាល់ ការស្វែងរកជនជាតិស៊ីទាំងបួននាក់បានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារសន្តិសុខជាតិប្រទេសរុស្ស៊ី ព្រមានថា មានបណ្តាញក្រុមអង្គការរដ្ឋអ៊ីស្លាម(ISIS)ចំនួន១០នាក់ បានធ្វើដំណើរចូលប្រទេសថៃកាលពីខែតុលា ហើយប្រទេសថៃអាចប្រឈមនឹងការវាយប្រហារភេរវកម្មផងដែរ។
ការព្រមាននេះ បានជំរុញឲ្យថៃពង្រឹងសន្តិសុខជុំវិញតំបន់មួយចំនួន ដែលអាចជាគោលដៅវាយប្រហាររបស់បណ្តាញក្រុមរដ្ឋអ៊ីស្លាម ដែលរួមមានដូចជា Pattaya និងPhuket។ តំបន់ទាំងពីរជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព និងជាទីកន្លែងដែលប្រមូលផ្តុំដោយសហគមន៍រុស្ស៊ី៕