រដ្ឋសភាបន្តសម័យប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ច្បាប់ចំនួន៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ វិច្ចិកា ២០១៥) ៖ នៅថ្ងៃទី៣០ខែវិច្ឆិកា នេះ រដ្ឋសភាបានបន្តសម័យប្រជុំ ដោយពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិនិងសេចក្តីព្រាងច្បាប់ទូរគមនាគមន៍ ដោយមិនមានការចូលរួមប្រជុំសភាពីសមាជកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃចន្ទនេះថារដ្ឋសភានឹងពិនិត្យអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដោយលោកថា៖ “សង្ឃឹមថា រដ្ឋសភានឹងអនុម័តច្បាប់នេះដើម្បីរាជរដ្ឋាភិបាលដឹកនាំចាត់ចែងការងារលើគ្រប់វិស័យបន្តទៀត ក្នុងនោះក៏មានការដំឡើងបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ”។
សម្តេចបន្តថា៖ “ច្បាប់ថវិកាឆ្នាំ២០១៦ក៏លុបចោលផងដែរនូវពន្ធតាមរបបម៉ៅការដើម្បសម្រួលដល់អាជីវករតូចតាចដែលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ច្បាប់នេះក៏នឹងលុបចោលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយចំនួនដូចជាទោចក្រយានយន្ត ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ គោយន្តនិងជលយាន្តតូចៗ ដើម្បីជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពប្រជាជន”៕