ដោយសារអំណាចនៃសុរា លើកដៃប្រល័យជីវិតប្រពន្ធ និងកូន
រព័ត៌មានCambodia News/
ខេត្តកំពង់ធំ (១៩ វិច្ចិកា ២០១៥) ៖ ប្ដីចិត្តអប្រិយ ក៏លើកដៃសម្លាប់ប្រពន្ធកូន បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចយកសពទៅកប់ដីបំបាត់ភស្តុតាង តែត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចជ្រោកលើ ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
នគរបាលខេត្តកំពង់ធំបានឲ្យដឹងថា តាមការចុះស្រាវជ្រាវរបស់សមត្ថកិច្ចអំពើដ៏សាហាវឃោរឃៅព្រៃផ្សៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ វិច្ឆិកា នៅក្នុងខ្ទមស្នាក់នៅចាំចម្ការបោចវល្លិ៍ និងដងជ័រ ក្នុងព្រៃ១កន្លែងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចម្ងាយប្រហែល៥០គីឡូម៉ែត្រពីឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ក្នុងតំបន់អូរទ្រព្យរទេះ។
បុរសជាប្ដីឈ្មោះ គុន គី អាយុ៤៨ឆ្នាំ បានវាយដំទាត់ធាក់ប្រពន្ធឈ្មោះ ថោង ម៉ិច អាយុ៣៥ឆ្នាំ បណ្ដាលឱ្យរងរបួសជាទម្ងន់ និងបានចាប់បោកកូនស្រី(កូនចុង) ឈ្មោះ ភាន មាលា អាយុ២ឆ្នាំ បណ្ដាលឲ្យស្លាប់រួចយកសពទៅកប់ក្នុងព្រៃ។
ចំណែកស្ដ្រីជាប្រពន្ធដែលរងការវាយដំទាត់ធាក់ ត្រូវបានឆ្អើរភ្លើងនិងឱ្យផឹកថ្នាំគ្រាំប៉ុន្តែដោយសារតែអាការៈ ធ្ងន់ធ្ងរពេកនៅថ្ងៃទី១៧ ខែវិច្ឆិកា ក៏បានស្លាប់ដែរ ទើបរឿងរ៉ាវនេះលេចធ្លាយដឹងដល់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យនៅល្ងាចថ្ងៃដដែលនោះ ។ ក្រុមគ្រួសារនេះ មានទីលំនៅភូមិជាំស្វាយ ឃុំមានរឹទិ្ធ ស្រុកសណ្ដាន់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មនេះមែន ដោយសារខឹងប្រពន្ធចិត្តមិនស្មោះត្រង់ជាមួយខ្លួន តែបើតាមព័ត៌មានពីអ្នករស់នៅទីនោះបានប្រាប់ថា ប្ដីប្រពន្ធនេះជាមនុស្សញៀនស្រាដូចគ្នា ហើយឧស្សាហ៍មានជម្លោះញឹកញាប់ណាស់ ព្រោះដោយសារតែទឹកប្ដូរនិស្ស័យ ស្ដ្រីជាប្រពន្ធតែងដើរលែបខាយបញ្ឈឺចិត្តប្ដីទើបបណ្ដាលឱ្យកើតរឿងបែបនេះតែម្ដង៕