នៅ​ពេល​កុមារ​មិន​បាន​ទទួល​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ

ដោយ ហេង នាង

Cambodia News

អ្នកជំនាញផ្នែកចិត្តសាស្ត្រកុមារបាននិយាយថា ប្រសិនបើកុមារមិនទទួលបានការវាយធ្វើបាប ការបំភ័យ ឬក៏ការគំរាមកំហែងពីឪពុកម្ដាយ ពីអ្នកដែលមានវ័យចាស់ជាង ឬអ្នកមានអំណាច និងមានកម្លាំងខ្លាំងជាងនោះទេ នោះពួកគេនឹងមានអារម្មណ៍ល្អ ដែលអាចឲ្យកុមារមានលទ្ធភាពបង្កើតជាគំនិតទូលំទូលាយក្នុងការពង្រីកឱកាសនៅក្នុងជីវិតរបស់ខ្លួនបាន។

ម្យ៉ាងទៀត នៅពេលកុមារទទួលបានការគាំពារប្រកបដោយគុណភាពខ្ពស់ចាប់ពីឆ្នាំដំបូង មានការថ្នាក់ថ្នម លើកទឹកចិត្ត និងការអប់រំល្អ គឺនាំឲ្យប្រាជ្ញារបស់កុមារវិវត្ត និងមានសន្ទុះឈានទៅរ កភាព ជោគជ័យសម្រាប់ការចូលរៀន ហើយអាចដោះស្រាយការលំបាកទាក់ទងទៅនឹងផ្នែកសង្គម សេដ្ឋកិច្ច និងភាសាទៅថ្ងៃមុខ។

ការអប់រំកុមារតូចៗមិនមែនត្រឹមតែទទួលបានលទ្ធផលជួយក្មេងឲ្យទទួល បានអភិវឌ្ឍន៍នោះទេ អ្វីដែលពិសេសជាងនេះទៅទៀត បានធ្វើឲ្យឪពុកម្ដាយនាំគ្នាខ្វល់ខ្វាយពីកូន ហើយអាចជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងទំនាស់រវាងប្ដីប្រពន្ធព្រមទាំងធ្វើឲ្យសមាជិកគ្រួសារចេះស្រលាញ់គ្នាមានសុភមង្គល។

លោក កែវ សារ៉ាត់ ប្រធានគ្រប់គ្រងផ្នែកអប់រំនៃអង្គការសង្គ្រោះកុមារនៅកម្ពុជាបាននិយាយថា ការមិនប្រើហិង្សាលើកុមារ ហើយផ្ដល់ឲ្យពួកគេនូវការអប់រំល្អគឺពិតជាមានសារសំខាន់ណាស់ ព្រោះថា ជាទូទៅនៅពេលកុមារមិនទទួលបានអំពើហិង្សាក្នុងគ្រួសារ កុមារមានឥរិយាបថ មានសីលធម៌ល្អ ហើយពួកគេរៀនប្រាកដប្រជា បើប្រៀបធៀបនឹងកុមារដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ។

លោក សារ៉ាត់ បានបន្តថា ឪពុកម្ដាយមានតួនាទីសំខាន់បំផុតក្នុងការការអប់រំកុមារ ដោយលោកបញ្ជាក់ថា មានបញ្ហាប្រឈមបីសំខាន់ចំពោះការងារអប់រំកុមារ ដែលក្នុងនោះមានរួមមាន៖ ទី១ គឺការផ្លាស់ប្ដូរផ្នត់គំនិតរបស់ឪពុកម្ដាយ និងអ្នកធ្វើពាក់ព័ន្ធនឹងកុមារតូចឲ្យពួកគេយល់ពីសារសំខាន់នៃការអប់រំកុមារតូច។ បញ្ហាទី២ គឺថវិកាវិនិយោគសម្រាប់ការងារអប់រំកុមារតូចរបស់រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ នៅមានកម្រិត ហើយចំណុចទី៣គឺការទាមទារឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការងារអប់រំកុមារតូច។

របាយការណ៍សកលលោកតាមដានការអប់រំសម្រាប់ទាំងអស់គ្នារបស់អង្គការយូណេសស្កូ (UNESCO) បានឲ្យដឹងថា ការគាំពារកុមារនិងការអប់រំដែលកុមារដែលទទួលបានក្នុងឆ្នាំដំបូង ផ្ដល់អត្ថប្រយោជន៍ដល់ពួកគេពេញមួយជីវិត។ ការគាំពារ និងការអប់រំកុមារតូចប្រកបដោយប្រសិទ្ធភាព អាចផ្ដល់ឱកាសយ៉ាងប្រសើរដល់កុមារ ដើម្បីចៀសផុតពីភាពក្រីក្រ និងដើម្បីជម្នះភាពលំបាក។ រហូតមកដល់បច្ចុប្បន្ន ជារៀងរាល់ឆ្នាំកុមាររាប់លាននាក់ ចាប់ផ្ដើមទទួលការរៀនសូត្រទាំងខ្លួនពិការ ដោយសារតែខ្លួនបានឆ្លងកាត់បទពិសោធន៍នៃកង្វះអាហារូបត្ថម្ភ សុខភាពមិនអំណោយផល និងភាពក្រីក្រ។ ឱកាសទទួលបានការអប់រំកម្មវិធីមត្តេយ្យសិក្សាមិនប្រកបដោយសមធម៌នៅ តែជាឧបសគ្គមួយសម្រាប់ប្រទេសអ្នកមាន និងប្រទេសក្រីក្រ៕ (អត្ថបទនេះសរសេរឡើងក្រោមការគាំទ្រពីអង្គការ Trocaire)

Related Articles

Back to top button
Close
Close