រដ្ឋាភិបាល នឹងចេញសារាចរ មិនឲ្យពលរដ្ឋខ្មែរ រស់នៅតាមព្រំដែន ជួលដីអោយបរទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ វិចកចិកា ២០១៥) ៖ ក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងពេលសម្តេច ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៣វិច្ឆិកានេះ បានបង្ហោះថា “ដំណឹងសំខាន់មួយដែរ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស អោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានឹងចេញសារាចរ មិនអោយប្រជាពលរដ្ឋរស់នៅតាមព្រំដែន ជួលដីអោយបរទេស (ដីស្រែ ចំការ) អោយទៅជនជនជាតិវៀតណាម រួមទាំងថៃ និងលាវ ជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម”។
សម្តេចហ៊ុនសែនបន្តថា “រាជរដ្ឋាភិបាល នឹងពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការអភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ព នៅតាមបណ្តាព្រំដែន ដើម្បីការពារទឹកដីកម្ពុជា។
ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីនៃប្រទេស ដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និងហាមឃាត់មិនអោយពលរដ្ឋនៃប្រទេសទាំងនោះ មកជួលដីនៅតាមព្រំដែនកម្ពុជា៕