បុណ្យអុំទូកមិនប្រារព្ធតែរៀបចំទីតាំងកម្សាន្តសប្បាយដូចជារៀងរាល់ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ វិច្ចិកា ២០១៥) ៖ តាមការឲ្យដឹងពីហ្វេសប៊ុកផ្ទាលរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានបញ្ជាក់ឲ្យដឹងថា បើទោះបីឆ្នាំនេះ ពិធីបុណ្យអុំទូក មិនអាចប្រារព្ធបានក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា និង សាលារាជធានីភ្នំពេញ នៅតែរៀបចំទីតាំងកម្សាន្តសប្បាយ ជូនបងប្អូនប្រជាពលរដ្ឋ ដូចជារៀងរាល់ឆ្នាំ ហើយនឹងខិតខំធ្វើឲ្យ បានល្អប្រសើរជាងឆ្នាំមុនៗ។
ប្រភពដដែលបានបន្តថា គណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ បានប្រជុំអំពីកម្មវិធីបុណ្យអុំទូក ដើម្បីរៀបចំទីតាំងកម្សាន្តៗនានា ក្នុងរាជធានីភ្នំពេញជូនបងប្អូនប្រជាពលរដ្ឋ ដោយទីតាំងកម្សាន្តសប្បាយទាំងនោះត្រូវបានរៀបចំឡើងនៅសួនច្បារមុខវត្តបុទុមវត្តី ទីតាំងសួនច្បារវត្តភ្នំ ទីលានប្រជាធិបតេយ្យ និងសួនច្បារ ជ្រោយចង្វារត្រោយខាងកើតជាដើម៕