កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦២
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ វិច្ចិការ ២០១៥) ៖ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៥ ថ្ងៃនេះ ជាខួបគម្រប់ ៦២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នេះ ព្រះករុណាព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ដោយមានថ្នាក់ដឹកនាំកំពូលៗ ចូលរួម។
ក្នុងឱកាសនោះ ព្រះមហាក្សត្រ ក៏បានប្រទានភ្លើងជ័យ នៅចំកណ្តាលវិមានឯករាជ្យ បន្ទាប់ពីព្រះអង្គ បានយាងសំណេះសំណាលផ្ទាល់ជាមួយអ្នកចូលរួម ដែលស្ថិតនៅជុំវិញវិមានឯករាជ្យ។ ភ្លើងជ័យ ត្រូវរក្សាទុករយៈពេល ៣ ថ្ងៃ ដោយមានកងទាហាន ៤រូប ឈរយាមជាប្រចាំ។ ពោលគឺរហូតដល់ល្ងាចថ្ងៃទី១១វិច្ឆិកា ទើបព្រះមហាក្សត្រ យាងទៅពន្លត់ភ្លើងជ័យនោះ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួប ៦២ឆ្នាំ នៃការទាមទារឯករាជ្យជាតិពីប្រទេសបារាំង ដែលបានដាក់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សរ៍។នៅក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រមទាំងមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀតផងដែរ៕