កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើនបន្ទាប់ពីខ្យល់ខ្លាំងដោយសារឥទិ្ធពលព្យុះវីសិនតេ
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅថ្ងៃទី២៤ កក្កដា ២០១២ នេះអ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងថា កូនព្យុះឈ្មោះវីសិនតេ (VISENTE)ដែលបានកើតមានកាលពីថ្ងៃទី២២ កក្កដានោះ នៅថ្ងៃទី២៤ ខែកក្កដានេះ វាបានក្លាយទៅជាព្យុះ (TY) ដែលមានកម្លាំងកាន់តែខ្លាំង នៅពេលវាជិតរលាយទៅជាវិសម្ពាធ (TD) វិញធ្វើឲ្យមានខ្យល់កន្ត្រាក់បក់បោកខ្លាំង ហើយនឹងមានភ្លៀងច្រើននៅកម្ពុជា។
លោកបានបន្តថា ឥទ្ធិពលរបស់ព្យុះនេះបានបង្កឲ្យមានខ្យល់កន្ត្រាក់ បក់បោកខ្លាំងដល់ប្រទេសកម្ពុជាយើង ក្នុងរយៈពេលពីរថ្ងៃនេះ តែខ្យល់នេះវានឹងខ្សោយទៅវិញនៅពេលព្យុះនេះរលាយ ហើយបង្កឲ្យមានភ្លៀងច្រើនវិញ ចាប់ពីថ្ងៃទី២៦ កក្កដា។ នៅខេត្តរតនគិរីមានខ្យល់កន្ត្រាក់ខ្លាំង និងនៅខេត្តកែបមានភ្លៀងធ្លាក់ច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង តែមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតនៅឡើយនោះទេ។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី បានឲ្យដឹងផងដែរនៅថ្ងៃទី២៤ កក្កដានេះថា នៅខេត្តរតនគិរីមានខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងមិនធ្លាប់មាន រយៈពេលប្រមាណជា ២០នាទី តែមិនមានភ្លៀងទេ ប៉ុន្តែនៅពេលនេះខ្យល់បានខ្សោយបន្តិចទៅវិញហើយ។
សម្រាប់ខេត្តកែបវិញមានភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលខ្លី និងមានខ្យល់កន្ត្រាក់ខ្លាំង។ កម្រិតទឹកភ្លៀងរយៈពេលប្រមាណជា ១០នាទី មានរហូតដល់ទៅ ១៥,២៧ មីលីម៉ែត្រ។ ពេលនេះធាតុអាកាសបានវិលមកមានខ្យល់កន្ត្រាក់ធម្មតាវិញហើយ។
ចាប់តាំងពីដើមរដូវវស្សាមកទល់ពេលនេះមានព្យុះចំនួនប្រាំបីហើយបានកើតមានជាបន្តបន្ទាប់ ដែលមួយចំនួនមានឥទ្ធិពល ដោយប្រយោលមកលើព្រះរាជាណាចក្រកម្ពុជាដូចជាបង្កឲ្យមានភ្លៀងរលឹមជាប់គ្នាច្រើនថ្ងៃ និងបង្កឲ្យមានខ្យល់កន្ត្រាក់ បក់បោកខ្លាំងជាដើម៕