ព្រះសង្ឃ ២អង្គ ខណៈកំពុងនិមន្តបិណ្ឌបាត ស្រាប់តែវាយគ្នាផ្អើលពេញផ្លូវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ តុលា ២០១៥) កាលពីម៉ោងជាង ៩ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ ស្ថិតនៅខាងជើងវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានព្រះសង្ឃ ២អង្គ និមន្តបិណ្ឌបាតរួមគ្នា ស្រាប់តែផ្ទុះទំនាស់ពាក្យសម្តីគ្នា ឈានដល់ការប្រើហិង្សា វាយតប់គ្នា ផ្អើលអស់អ្នកធ្វើដំណើរតាមផ្លូវ និងប្រជាពលរដ្ឋ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ព្រះសង្ឃទាំង ២អង្គ ដែលវាយតប់គ្នា ១- ឈ្មោះ កែវ ចំរើន ព្រះជន្ម ២៥ព្រះវស្សា គង់នៅវត្តសារ៉ាវ័នតេជោ កុដិលេខ១៧ និងទី២- ឈ្មោះ សឿន ម៉ាប់ ព្រះជន្ម ២២ ព្រះវស្សា គង់នៅកុដិលេខ២៤។
មុនពេលកើតហេតុ ព្រះសង្ឃទាំង ២អង្គ បាននិមន្តបិណ្ឌបាត តាមបណ្តោយផ្លូវលេខ៩០។ ពេលមកដល់ចំណុច កែងខាងមុខមន្ទីរពេទ្យគន្ធបុប្ផាទី៤ មិនដឹងថា មានបញ្ហាអ្វី ស្រាប់តែលោកសង្ឃទាំង ២អង្គ បានដេញវាយគ្នា ទៅវិញទៅមក ធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋ។
មូលហេតុដែលនាំឲ្យ លោកសង្ឃ២អង្គនោះ វាយគ្នាទៅវិញទៅមក ដោយសារតែនិមន្តបិណ្ឌបាតជាមួយគ្នា ឲ្យធម៌មិនស្របគ្នា ហើយម្យ៉ាងវិញទៀត កើតចេញពីការចេះបិណ្ឌបាត និងមិនចេះបិណ្ឌបាត ពីលោកសង្ឃព្រះនាម កែវ ចំរើន បួសបាន ៣ វស្សា ចេះបិណ្ឌបាតស្ទាត់ តែចំណែកព្រះសង្ឃ ព្រះនាម សឿន ម៉ាប់ បួសបាន ៤ វស្សា មិនសូវចេះបិណ្ឌបាត ទើបកើតចេញ ជាទំនាស់កាច់កុងគ្នា ទើបកើតជារឿងវាយគ្នា ផ្អើលប្រជាពលរដ្ឋ ដូច្នេះតែម្តង៕