​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឲ្យ​បញ្ឈប់​ការ​លេង​ល្បែង​ និង​ផឹក​ស្រា​ក្នុង​ម៉ោង​ធ្វើការ

 

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ​ (២៧ តុលា ២០១៥) ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ណែនាំ​ទៅ​​​​មន្ត្រី​ក្រោម​ឱវាទ​បុគ្គលិក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​មួយ​ចំនួន​ឲ្យ​បញ្ឈប់​​សកម្មភាព​ប្រើប្រាស់​​គ្រឿង​ស្រវឹង​ និង​លេង​ល្បែង​ក្នុង​ពេល​បំពេញ​​ការងារ​ ឬ​យាម​ប្រចាំ​ការ​ក្នុង​មន្ទីរពេទ្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​​ប្រសិទ្ធភាព​ការងារ​ និង​ការ​ផ្តល់​សេវា​​សង្គ្រោះ​បន្ទាន់​ដល់​អ្នក​ជំងឺ​។

រូបតំណាង
រូបតំណាង

ការណែ​នាំ​នេះ​ យោងទៅ​​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង ផ្ញើ​ជូន​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ទាំងអស់​កាលពី​ថ្ងៃ​ទី​ ២២ ​តុលា ឆ្នាំ​២០១៥។

​លិខិត​បន្ត​ថា ដោយ​​កន្លង​មក​ក្រសួង​​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រី​រាជការ​ផ្នែក​សុខាភិបាល​មួយ​ចំនួន​តូច​បាន​និង​កំពុង​ប្រើប្រាស់​គ្រឿង​ស្រវឹង​ លេង​បៀរ​នៅក្នុង​ម៉ោង​ធ្វើការ​ ឬ​យាម​ប្រចាំ​ការ​នៅ​មន្ទីរពេទ្យ​ដែល​ជា​ទង្វើ​អាក្រក់​បង្ក​ការ​រាំងស្ទះ​ដល់​ការងារ និង​ករណី​មាន​ជំងឺ​ត្រូវ​ការ​សេវា​សង្គ្រោះ​បន្ទាន់​។

នៅ​ក្នុងលិខិត​ លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា៖ «ករណី​នេះ​ក្រសួង​សូម​ហាម​ដាច់​ខាត​ចំពោះ​ទង្វើ​មិន​គប្បី​នេះ។ ម្យ៉ាង​ទៀត​យើង​គួរ​តែ​ទុក​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ផ្នែក​វេជ្ជសាស្ត្រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ដើម្បី​រួម​ចំណែក​ពង្រឹង​គុណភាព​សុខាភិបាល»៕

 

Related Articles

Back to top button
Close
Close