កម្លាំងគយចល័ត ចាប់ឃាត់រថយន្ត ស៊េរីទំនើបៗ តម្លៃរាប់ម៉ឺនដុល្លារ ចំនួន៣គ្រឿងទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ តុលា ២០១៥) ៖ វិធានការរបស់គយចល័តក្នុងការតាមចាប់រថយន្ត គេចពន្ធ និង ប្រើប្រាស់ស្លាកក្លែងក្លាយ បាននិងកំពុង បន្តយ៉ាងក្តៅគគុកកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយការស្វែងរករថយន្តគេច ពន្ធបានធ្វើទាំងនៅតាមដងផ្លូវ និងនៅតាមកន្លែងលក់រថយន្តនានា។
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ កម្លាំងគយចល័ត បានចេញប្រតិបត្តិការតាមចាប់ឃាត់រថយន្ត ស៊េរីទំនើបៗ តម្លៃរាប់ម៉ឺនដុល្លារ បានចំនួន៣គ្រឿងទៀតហើយ នៅរាជធានីភ្នំពេញ ក្នុងនោះមានរថយន្តពាក់ស្លាកលេខ ខ.ម ដែលជារបស់មន្រ្តីផងដែរ។
ការចុះចាប់នេះ ធ្វើឡើងតាមបទបញ្ជារបស់អគ្គនា យកដ្ឋានគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃ អំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការបង្រ្កាបតាមដងផ្លូវទូទាំងប្រទេស និងតាមផ្លូវជាតិសំខាន់ៗ ចំពោះម្ចាស់ យានយន្តណា ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ៕