សម្តេច ហ៊ុន សែន ឲ្យសិស្សនិស្សិត ត្រូវចាត់ទុកសញ្ញាបត្រ នៅក្នុងស្រុក ជារបស់មានតម្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០១៥) ៖ ព្រឹកថ្ងៃចន្ទ ទី១៩តុលា នេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា មកពីសាកលវិទ្យាល័យ វេស្ទើន នៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវដល់សិស្សនិស្សិត សូមឲ្យពួកគេ ចាត់ទុកសញ្ញាបត្រ នៅក្នុងស្រុក ជាសញ្ញាបត្រមានតម្លៃ ដែលបានមកពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស។
ការអំពាវនាវផ្ទាល់មាត់ដូច្នេះ ត្រូវបានសម្តេចហ៊ុនសែន ប្រកាសឡើង បន្ទាប់ពីលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤តុលា បានរិះគន់ប្រព័ន្ធអប់រំនៅកម្ពុជាថា មានលក្ខណៈទន់ខ្សោយបំផុត ហើយភាគច្រើននៃសញ្ញាបត្រ ដែលទទួលបាន មិនមានតម្លៃនោះទេ។
សម្តេច ហ៊ុន សែន បានថ្លែងថាការលើកឡើងថាសញ្ញាបត្រនៅកម្ពុជាមិនមានតម្លៃធ្វើឲ្យប៉ះពាល់ស្ថាប័នអប់រំជាតិ និស្សិតនិងមាតាបិតារបស់និស្សិត ដោយ សម្តេច ហ៊ុន សែន ចាត់ទុកថា នេះជាការប្រមាថមាក់ងាយមួយ៕