សូមប្រយ័ត្នពេលធ្វើដំណើរត្រឡប់មកពីស្រុកកំណើរវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ តុលា ២០១៥) ៖ ជារឿងធម្មតាទៅហើយដែលប្រជាពលរដ្ឋខ្មែរតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំជាមួយឪពុកម្ដាយ ក៏ដូចជាបងប្អូន មា មីង និងសាច់ញាតិ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចំពោះការធ្វើដំណើររបស់បងប្អូន ត្រូវប្រឈមមុខស្ថានភាពយឺតយ៉ាវ និងពិបាកដោយសារការកកស្ទះចរាចរណ៍ ជាពិសេសការកើតនូវគ្រោះថ្នាក់នានា ទាំងពេលទៅនិងត្រឡប់មកវិញ។
ជាក់ស្ដែងក្នុងការកើតហេតុទាំងអស់នេះ បណ្ដាលមកពីការបើកបរប្រជែងគ្នា និងការគ្មានភាពអធ្យាស្រ័យ ព្រមទាំងគ្មានការយោគយល់គ្នា ជាពិសេសការបើកបរដោយមិនកំណត់ល្បឿនទៅតាមលក្ខខណ្ឌដងផ្លូវរបស់ ស្រុកទេស ដែលផ្លូវខ្លះមានភាពតូចចង្អៀត និងមានភាពលំបាកដោយបានគ្រលុកឬប្រហោងជាដើម។
ដូច្នេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ក្នុងពេលត្រឡប់មកវិញនាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានបញ្ចប់ទៅហើយ សូមប្រជាពលរដ្ឋទាំងឡាយ ជាពិសេសអ្នកបើកបរយានជំនិះទាំងអស់ មេត្តាបើកបរដោយប្រុងប្រយ័ត្ន និងគោរពដល់ជីវិតដទៃ ជាពិសេសអាយុជីវិតរបស់ឯងខ្លួនផ្ទាល់តែម្ដង៕