សម្ដេចតេជោអំពាវនាវកុំឲ្យម្ចាស់រថយន្ដឈ្នួលដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ កញ្ញា ២០១៥) ៖ យោងតាមគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរ និងមានខ្លឹមសារថា ពេលនេះក៏ជារដូវបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែ កញ្ញា រហូតមកទល់ថ្ងៃនេះ គឺដល់ពិធីកាន់បិណ្ឌទី៣ ហើយ។
ទន្ទឹមនឹងប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី ត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា សូមក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យ រៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។ ជាមួយគ្នានេះដែរសូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យដំឡើងថ្លៃក្នុងពេលរដូវបុណ្យទាន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
ខ្លឹមសាររបស់សម្ដេចតេជោ ហ៊ុន សែន បន្តថា ខ្ញុំព្រះករុណាខ្ញុំ សុំស្នើដល់បងប្អូនដែលបញ្ជាយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯង និងគោរពជីវិតអ្នកដ៏ទៃ។ ស្នើដល់បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ និងកុំធ្វើដំណើរពេលធាតុអាកាសមិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ៕