នារីៗ គួរស្លៀកពាក់ឲ្យបានសមរម្យពេលចូលទីវត្តអារាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ កញ្ញា ២០១៥) ៖ ជារឿងដដែលៗនិងជារឿយៗ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួនបានឃើញ និងត្អូញត្អែររិះគន់ចំពោះការស្លៀកពាក់របស់យុវជនយុវនារី ដែលចូលចិត្តស្លៀកពាក់មិនសមរម្យ ហើយជាពិសេសយុវនារីខ្លះនិយមស្លៀកខ្លី និងខើចលើខើចក្រោម បញ្ចេញសាច់បង្ហាញភាពស្រើបស្រាលក្នុងឱកាសប្រារព្ធពិធីបុណ្យនៅទីវត្តអារាម។
បុគ្គលម្នាក់ៗសុទ្ធតែមានការយល់ដឹង និងគិតត្រិះរិះពិចារណា រវាងភាពល្អ និងអាក្រក់ចំពោះច្បាប់វិន័យ ប្រពៃណីទំនៀមទម្លាប់ ចំពោះការស្លៀកពាក់បែបខ្មែរ នៅពេលត្រូវចូលរួមកម្មវិធីបុណ្យទានម្ដងៗ ដោយឡែកក្នុងពិធីបុណ្យសាសនា ខ្មែរត្រូវប្រកាន់ភ្ជាប់នូវសម្លៀកបំពាក់បែបប្រពៃណី ដោយត្រូវសំពត់បត់ហូល ផាមួង និងពាក់អាវប៉ាក់ផ្កាភ្ញីពណ៌ស ឬអាវសជាដើម។
ដូច្នេះដើម្បីកែលម្អនិងលុបបំបាត់ នូវការធ្វេសប្រហែសចំពោះការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ កូនខ្មែរគ្រប់រូបគួររៀបចំខ្លួនប្រាណក្នុងការស្លៀកពាក់ ឲ្យបានសមរម្យដើម្បីបង្ហាញនិងរក្សាអត្តសញ្ញាណជាតិ ព្រមទាំងសមភ្នែកឪពុកម្ដាយ និងទាំងចាស់ទុំផងដែរ៕