អាជ្ញាធររាជធានីភ្នំពេញ ប្រើកម្លាំងសមត្ថកិច្ចជាង ២ ពាន់នាក់ ការពារសន្តិសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០១៥) ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចជាង ២០០០ នាក់ ដើម្បីដាក់ពង្រាយពេញរាជធានីភ្នំពេញ ក្នុងនោះ ប្រមាណជាង ៦០០ នាក់ ដាក់តាមវត្តអារាមទាំង ១៤៧ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពេលទៅធ្វើបុណ្យតាមប្រពៃណីជាតិ នៅតាមទីវត្តអារាម។
នេះជាផែនការដែលបានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ កញ្ញា នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង ១២ផងដែរ។
លោកឧត្តមសេនីយ៍ ភួង ម៉ាល័យ ស្នងការរងនគបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្លាំងសមត្ថកិច្ចចម្រុះនេះ គឺដើម្បី សម្រួលចរាចរណ៍ ល្បាតតាមដងផ្លូវ ពន្លត់អគ្គិភ័យ និងការបង្ក្រាបបទល្មើសផ្សេងៗទៀតនៅនឹងមូលដ្ឋាន។
ជាពិសេសការត្រៀមកម្លាំងដូច្នេះ បន្ទាប់ពីបានវាយតម្លៃសភាពការណ៍សន្តិសុខ នឹងមានជនឆ្លៀតឱកាសមួយចំនួន បង្កភាពអសកម្ម ដូចជា លួច ឆក់ ប្លន់ នៅក្នុងទីវត្តអារាម ការលួចគាស់ផ្ទះ ពេលប្រជាពលរដ្ឋចេញទៅធ្វើបុណ្យទាន និងទៅស្រុកកំណើត និងការប្រព្រឹត្តអំពើហិង្សាដោយក្រុមក្មេងទំនើង ដែលបង្កឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕