ក្រសួងពាណិជ្ជកម្មហាមបរិភោគនំសូកូឡានាំចូលពីអង់គ្លេស សង្ស័យមានបាក់តេរី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កញ្ញា ២០១៥) ៖ ក្រសួងពាណិជ្ជកម្ម ដាក់បម្រាមកុំឲ្យបរិភោគនំសូកូឡាដែលនាំចូលពីប្រទេសអង់គ្លេស ដោយសង្ស័យថាមានបាក់តេរី (Salmonella) ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាយថាហេតុ។
សេចក្តីជូនដំណឹងរបស់អង្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ថ្មីៗនេះទីភ្នាក់ងារស្តង់ដារផលិតផលម្ហូបអាហារនៃចក្រភពអង់គ្លេសបានផ្សាយព័ត៌មានពីក្រុមហ៊ុន Atkins International BV បានស្ម័គ្រចិត្តប្រមូលត្រឡប់មកវិញនូវផលិតផលនំសូកូឡា Atkins Endulge Chocolate Break Wafers ពីទីផ្សារ បន្ទាប់ពីសង្ស័យអំពីលទ្ធភាពនៃការចម្លងចូលបាក់តេរី Salmonella។
ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់មន្ត្រីមានសមត្ថកិច្ច និងអាជីវកម្មករមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាទប់ស្កាត់គ្រោះថ្នាក់នេះដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ។
ក្រសួងក៏អំពាវនាវចំពោះពាណិជ្ជករនាំចូល អាជីវករលក់ដុំ និងលក់រាយឈប់នាំចូល កុំចែកចាយបោះដុំ ឬលក់រាយបន្ត និងផ្តល់ព័ត៌មានទៅសមត្ថកិច្ចកាំកុងត្រូលដែលនៅជិតបំផុត ឬតាមទូរស័ព្ទដែលអាចធ្វើទៅបាន នៅពេលជួបករណីនេះ៕