ប្រាសាទអង្គវត្តជាប់លេខ១ជាគោលដៅទេសចរណ៍លើពិភពលោក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ សីហា ២០១៥) ៖ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា បានឲ្យដឹងថា តាមសេចក្តីប្រកាសររបស់ Lonely Planet’s Ultimate Travel listកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥បានឱ្យដឹងថា ប្រាសាទអង្គរវត្តត្រូវបានជ្រើសរើសជាគោលដៅទេសចរណ៍ទី១ដែលទេសចរ និងអ្នកធ្វើដំណើរត្រូវតែមកទស្សនា ក្នុងចំណោមគោលដៅទេសចរណ៍ទាំងចំនួន៥០០ កន្លែងនៅលើពិភពលោក។
ប្រភពដដែលបានបន្តថា Lonely Planet បានផលិតស្ពតវីដេអូមួយអំពីប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក ដែលក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាវីដេអូជាង១ម៉ឺនដង។ ទន្ទឹមនឹងនេះ ការស្ទង់មតិរបស់ Lonely Planet ក្នុងចំណោមអ្នកសរសេរអត្ថបទស្តីពីការធ្វើដំណើរអ្នកសារព័ត៌មាន និងអ្នកទេសចរបានបង្ហាញថាប្រាសាទអង្គរវត្តទទួលបានការគាំទ្រលើសលប់។
សូមជម្រាបថា Lonely Planet ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្នែកទេសចរណ៍និងការធ្វើដំណើរដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧២ មានមូលដ្ឋាននៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី និងមានបុគ្គលិកបម្រើការជាង៤០០នាក់។ កាលពីដើមឆ្នាំ២០១៥ ប្រាសាទអង្គរវត្តកម្ពុជា ក៏បានជាប់ជាគោលដៅទេសចរណ៍លេខ១នៅអាស៊ី និងលេខ២លើពិភពលោកក្នុងបញ្ជីរបស់Tripadvisorផងដែរ៕