សម្ដេច ហ៊ុន សែន ៖ ផែនទីដែលកម្ពុជាប្រើប្រាស់ដូចគ្នានឹងផែនទី UNប្រគល់ជូន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ សីហា ២០១៥)៖ ក្នុងគេហទំព័រសង្គម សម្ដេច ហ៊ុន សែន បានបរិយាយអំពីពិធីប្រគល់, ទទួល និង ផ្ទៀងផ្ទាត់ផែនទីប្រទេសកម្ពុជាពីអង្គការសហប្រជាជាតិ (UN) នៅវិមានសន្តិភាពនៅថ្ងៃទី២០ សីហា នេះ ដែលមានការចូលរួមជាសាក្សីពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាតំណាងគណបក្សនយោបាយ អ្នកជំនាញការ និងចំពោះមុខអ្នកកាសែតជាតិ និងអន្តរជាតិ។
លិទ្ធផលគឺបានបង្ហាញច្បាស់ថា ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាម គឺដូចគ្នាបេះបិទទៅនឹងផែនទីដែល UN ប្រគល់ជូននៅថ្ងៃនេះ។
នេះជាសក្ខីភាពបញ្ជាក់ជូនជនរួមជាតិអំពីការពិត និង ការទទួលខុសត្រូវខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះមុខប្រទេសជាតិដែលមិនបានយកផែនទីមិនស្របច្បាប់ណាមកប្រើសម្រាប់ដោះស្រាយបញ្ហាព្រំដែនឡើយ។
កម្ពុជាសូមអរគុណ UN ដែលជាអង្គការអន្តរជាតិកំពូលទទួលស្គាល់ដោយសាកលលោក ដែលបានសហការផ្តល់ផែនទីទាំងអស់នេះសម្រាប់យកមកពិនិត្យផ្ទៀងផ្ទាត់ដើម្បីជម្រះក្តីមន្ទិលសង្ស័យទាំងអស់ ចំពោះមុខប្រជាជាតិខ្មែរនៅថ្ងៃនេះ៕ ដោយ៖ ហេង នាង