មីយ៉ាន់ម៉ាបន្តដាក់តំបន់កូកាងក្នុងភាពអាសន្នរហូតដល់ថ្ងៃបោះឆ្នោតរួច
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (២០ សីហា ២០១៥) ៖ កាលពីខែកុម្ភះ ឆ្នាំ២០១៥ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅភាគខាងជើងប្រទេសមីយ៉ាន់ បានប្រយុទ្ធគ្នាយ៉ាងខ្លាំងបណ្ដាលឱ្យកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាជាច្រើននាក់រងរបួស ហើយប្រជាជននៅតំបន់នោះរាប់ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងទៅរកកន្លែងមានសុវត្ថភាពផងដែរ ដើម្បីគេចពីគ្រោះថ្នាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសដាក់តំបន់កូកាងក្នុងភាពអាសន្នចាប់ពីខែកុម្ភៈ ហើយផុតកំណត់ដល់ថ្ងៃទី២៤ខែសីហានេះ។
ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានអះអាងថា នៅតំបន់កូកាងនៅមិនទាន់មានសភាពប្រក្រតី នៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រងសន្ដិភាពនៅឡើយ ហើយមិនទាន់មានសភាពស្ងប់ស្ងាត់ ដូច្នេះរដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងបន្តដាក់តំបន់កូកាង ក្នុងភាពអាសន្នរហូតនៅថ្ងៃទី១៧ វិច្ឆិកាឆ្នាំ២០១៥ ពោលរហូតដល់ថ្ងៃបោះឆ្នោតជាសាកលរបស់មីយ៉ាន់ម៉ារួច។
មីយ៉ាន់ម៉ា ចាប់ផ្ដើមបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៥ ខាងមុខ។ នេះបើយោងតាមកាសែតរបស់រដ្ឋមីយ៉ាន់ម៉ាចេញផ្សាយកាលពីថ្ងៃទី១៩សីហា។ សារព័ត៌មានរបស់រដ្ឋមីយ៉ាន់ម៉ាបានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះតទៅ តំបន់កូកាងគ្រប់គ្រងដោយយោធាផ្ទាល់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាហើយ៕