ដ្ឋមន្រ្តីក្រសួងអប់រំ បង្ហាញលក្ខខណ្ឌ ចំនួន៥ ដែលនាំឲ្យអ្នកប្រឡង បាក់ឌុប ធ្លាក់ដោយស្វ័យប្រវត្តិ (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ សីហា ២០១៥) ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងតឹងរឹងបំផុត សម្រាប់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ពោលពួកគេនឹងធ្លាក់ដោយស្វ័យប្រវត្តិ ប្រសិនបើធ្វើខុសទៅនឹងលក្ខខណ្ឌទាំង៥ ដែលក្រសួងបានដាក់ចេញ។ នេះបើតាមការឲ្យដឹងតាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈវីដេអូបង្ហោះលើទំព័រហ្វេស ប៊ុក លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លក្ខខណ្ឌទាំង ៥ចំណុច ដែលនាំឲ្យធ្លាក់ដោយ ស្វ័យប្រវត្តិ ដែលចំណុចទាំង ៥នោះរួមមាន៖
១. លួចយកសៀវភៅ សំណៅឯកសារ លូចចម្លង ប្រើទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ នៅក្នុងមណ្ឌលប្រឡង។
២. ប្រសិនបើការពិនិត្យឃើញថា សន្លឹកកិច្ចរបស់បេក្ខជនអង្គុយជិតគ្នា មានខ្លឹមសារដូចគ្នា ទាំងស្រុង ទៅនឹងសំណៅឯកសារ ដែលសរសេរទុកមុន ឬដូចទៅនឹងឯកសារបង្ហោះតាម ប្រព័ន្ធហ្វេសប៊ុកជាដើម។
៣. ប្រសិនបើបេក្ខជនឲ្យសន្លឹកកិច្ចការទៅអ្នកដទៃចម្លង បោះឯកសារទៅក្រៅបន្ទប់ប្រឡង ធ្វើជាមេខ្លោង ប្រមូលលុយឲ្យគ្រូ ដែលចំណុចនេះ នឹងឲ្យធ្លាក់ ដោយស្វ័យប្រវត្តិ ហើយមិនអនុញ្ញាត ឲ្យប្រឡងនៅឆ្នាំបន្ទាប់ទៀត។
៤. ប្រសិនបើយកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡង ឲ្យអ្នកដទៃប្រឡងជំនួស ឬធ្វើឲ្យខូចខាតឧបករណ៍ សម្ភារៈក្នុងបន្ទប់ ប្រឡង គឺឲ្យធ្លាក់ ហើយមិនឲ្យប្រឡងរយៈពេល ពីរឆ្នាំបន្តបន្ទាប់គ្នា)
៥. ប្រសិនបើបេក្ខជនធ្វើឲ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ ឬធ្វើជាក្លិបរៀបចំចម្លើយ គឺបេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ ហើយត្រូវប្រឈមមុខនិងច្បាប់។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៥នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៤-២៥ ខែសីហាខាងមុខនេះ ដោយមានបេក្ខជនចូលរួមប្រឡង ប្រមាណ ៨៨.៤៨៨នាក់៕ ដោយ៖ ហេង នាង