បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ
សារព័ត៌មាន Cambodia News/
ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន “ពីថ្នាំដុសធ្មេញដល់សាប៊ូដុំ ទំនិញណាដែលអាចរកបានកន្លែងស្តុកទុកក៏ត្រូវទិញឱ្យបានឆាប់ៗ ។”
មុននេះមិនជាយូរប៉ុន្មាន លោក Mark Cuban វិនិយោគិនដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកបានស្នើឱ្យប្រជាជនអាមេរិកឆាប់ទិញទំនិញស្ដុកទុកលើបណ្តាញទំនាក់ទំនងសង្គម ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ធ្នើរដាក់អីវ៉ាន់តាមផ្សារទំនើបនិងហាងលក់ទំនិញជាច្រើនរបស់សហរដ្ឋអាមេរិកត្រូវបានគេទិញអស់ហើយ ។
ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកប៉ុនប៉ងឆ្លងតាមរយៈគោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា”ដើម្បីការពារឧស្សាហកម្មនិងឱកាសការងាររបស់អាមេរិកម្តងទៀត ប៉ុន្តែបើមើលពីប្រតិកម្មរបស់អ្នកប្រើប្រាស់និងទីផ្សារភាគហ៊ុនរបស់អាមេរិកឱ្យដឹងថា គោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា”របស់អាមេរិកបានបង្កើនបន្ទុកដល់គ្រួសារអាមេរិក ។
តាមការវិភាគនៃបន្ទប់ពិសោធន៍ថវិកានៃសកលវិទ្យាល័យ Yale របស់អាមេរិកបានឱ្យដឹងថា គោលនយោបាយស្តីពីពន្ធគយដែលរដ្ឋាភិបាលអាមេរិកបានប្រកាសនោះ ប្រហែលនឹងបណ្តាលឱ្យអត្រាអតិផរណាទាំងមូលរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះកើនឡើង២,៣ភាគរយ បូករួមទាំងតម្លៃគ្រឿងឧបភោគបរិភោគកើនឡើង២,៨ភាគរយ តម្លៃរថយន្តកើនឡើង៨,៤ភាគរយ ដែលស្មើនឹងបណ្តាលឱ្យគ្រួសារធម្មតាអាមេរិកនីមួយៗខាតបង់៣ពាន់៨រយដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។
គោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា”របស់សហរដ្ឋអាមេរិកក៏បាននាំឱ្យទីផ្សារភាគហ៊ុនអាមេរិកកើតមានភាពរង្គោះរង្គើយ៉ាងខ្លាំង ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា សន្ទស្សន៍មូលប័ត្រធំទាំងបីនៃទីផ្សារមូលប័ត្រក្រុងញូវយ៉កអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀតបន្ទាប់ពីបើកទីផ្សារកាលពីថ្ងៃទី៧ខែមេសា ។
សន្ទស្សន៍ឧស្សាហកម្ម Dow Jones សន្ទស្សន៍ S&P 500 និងសន្ទស្សន៍ចម្រុះNASDAQ បានធា្លក់ចុះ២,៦៣ភាគរយ ៣,១៤ភាគរយនិង៣,៨៥ភាគរយដោយឡែកពីគ្នាបន្ទាប់ពីបើកទីផ្សារ ដែលធ្លាក់ចុះ១០១៣ចំណុច ១៦០,២៥ចំណុចនិង៦៧៥,៧៥ចំណុចបើប្រៀបធៀបនឹងថ្ងៃលក់ដូរមុន ។
លោក Peter Boockvar មន្ត្រីវិនិយោគទីមួយនៃក្រុមហ៊ុនហិរញ្ញវត្ថុ Bleakley បានយល់ឃើញថា ទីផ្សារមូលប័ត្រមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងសេដ្ឋកិច្ច ប្រសិនបើទីផ្សារមូលប័ត្របន្តធ្លាក់ចុះហើយនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់ក្រុមមនុស្សចំណូលខ្ពស់ តែការចំណាយនៃរដ្ឋាភិបាលកំពុងបង្អង់ល្បឿន នោះ ហានិភ័យដែលសេដ្ឋកិច្ចមានភាពថមថយចុះនឹងកើនឡើងយ៉ាងខ្លាំង ។
ចំពោះការដែលសហរដ្ឋអាមេរិកលើកឡើងគោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា”នាពេលថ្មីៗកន្លងទៅនេះ លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានរិះគន់ដោយចំហថា សហរដ្ឋអាមេរិកដំឡើងពន្ធគយ វានឹងបំផ្លាញរបៀបរៀបរយពាណិជ្ជកម្មសេរីនៅទូទាំងពិភពលោក ភាគីអាមេរិកដំឡើងពន្ធគយជាបន្តបន្ទាប់នឹងបង្កើនភាពមិនប្រាកដប្រជាដល់ទូទាំងពិភពលោក នេះជា “និន្នាការមិនល្អសោះឡើយ”ចំពោះសហគ្រាសភាគច្រើន ។លោក Martin Wolf អ្នកធ្វើអត្ថាធិប្បាយខាងសេដ្ឋកិច្ចទីមួយនៃកាសែត《Financial Times》 បានយល់ឃើញថា គោលនយោបាយជ្រុលនិយមនៃរដ្ឋាភិបាលអាមេរិកដែលសំដៅចំពោះប្រព័ន្ធពាណិជ្ជកម្មសកលនិងសម្ព័ន្ធភាពយុទ្ធសាស្ត្រកំពុងបំផ្លាញប្រព័ន្ធពាណិជ្ជកម្មបែបបើកទូលាយដែលផ្តួចផ្តើមឱ្យបង្កើតដោយសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យសេដ្ឋកិច្ចអាមេរិកបង់ថ្លៃដ៏ឈឺចាប់និងយូរអង្វែង ។
លោកស្រី Claudia Sheinbaum Pardo ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងកាលពីថ្ងៃទី៧ខែមេសាថា មិនច្រានចោលលទ្ធភាពដែលដំឡើងពន្ធគយស្មើគ្នា២៥ភាគរយដែលមានលក្ខណៈសងសឹកចំពោះផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់អាមេរិកនោះទេ ។
នៅថ្ងៃដដែល លោក Luis Alberto Arce Catacora ប្រធានាធិបតីបូលីវីបានថ្លែងថា លោកត្រាំ ប្រធានាធិបតីអាមេរិកជំរុញការអនុវត្តគោលនយោបាយដំឡើងពន្ធគយទៅលើទំនិញរបស់ប្រទេសជាច្រើនប្រហែលនឹងបង្កលទ្ធផល “មានលក្ខណៈវិនាស”ចំពោះប្រព័ន្ធសេដ្ឋកិច្ចសកល រហូតដល់បណ្តាលឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកថមថយចុះ ។
កាលពីថ្ងៃទី៧ខែមេសា លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសគោលនយោបាយថ្មីមួយចំនួនសម្រាប់គាំទ្រឧស្សាហកម្មផលិតរថយន្តក្នុងស្រុក ក្នុងនោះបូករួមទាំងពន្យារពេលហាមឃាត់លក់រថយន្តHEVពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣៥ ហើយបានផ្តល់ភាពរស់រវើកកាន់តែច្រើនដល់គោលដៅបញ្ចេញឧស្ម័នបំពុលនៃសហគ្រាសផលិតរថយន្តអគ្គិសនីរបស់អង់គ្លេស ព្រមទាំងកាត់បន្ថយប្រាក់ពិន័យដែលល្មើសច្បាប់ចំនួន២០ភាគរយ។ល។
សហរដ្ឋអាមេរិកអនុវត្តគោលនយោបាយដំឡើងពន្ធគយស្មើគ្នានិងគោលនយោបាយពាណិជ្ជកម្មជ្រុលនិយម ប្រហែលនឹងនាំឱ្យក្រុមពិសេសមួយចំនួនទទួលផលប្រយោជន៍ក្នុងរយៈពេលដ៏ខ្លី តែបើមើលឱ្យវែងឆ្ងាយ នេះគ្រាន់តែនឹងនាំមកនូវលទ្ធផលដែលបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ហើយនឹងនាំឱ្យសហរដ្ឋអាមេរិកកាន់តែឯកោក្នុងសហគមន៍អន្តរជាតិ ។
តម្លៃទំនិញឡើងថ្លៃ ថ្លៃដើមនៃសហគ្រាសកើនឡើង ទីផ្សារឱកាសការងាររងផលប៉ះពាល់ ទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើព្រមទាំងសហគមន៍អន្តរជាតិប្រឆាំងយ៉ាងខ្លាំង ប្រការទាំងនេះសុទ្ធតែបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានកាលពីមុន ។
ក្នុងបរិបទយុគសម័យនៃការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ចប្រទេសនានាបានពឹងផ្អែកលើគ្នាទៅវិញទៅមក សហរដ្ឋអាមេរិកពិបាករក្សាគោលនយោបាយការពារនិយមខាងពាណិជ្ជកម្មបែបនេះណាស់ ទីបំផុត ចាំបាច់ត្រូវវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវដែលធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ពោលគឺ ពិគ្រោះពិភាក្សាដោយស្មើភាពជាមួយដៃគូពាណិជ្ជកម្ម ដើម្បីដោះស្រាយការខ្វែងគំនិតឱ្យបានសមរម្យ ៕